ព័ត៌មានជាតិ

ស្នងការខេត្តព្រះសីហនុទទួលស្គាល់ថា ពិតជាមានជនជាតិ ចិន២ក្រុម វាយគ្នាបណ្តាលឲ្យរងរបួស ប៉ុន្តែពុំមាននរណា បាត់បង់ជីវិតទេ

ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះ និងចែកចាយរូបភាពព្រមទាំងវីដេអូ ករណីហិង្សាបណ្តាលឲ្យមានជនជាតិចិនស្លាប់ នៅសណ្ឌាគារមួយនៅខេត្តព្រះសីហនុ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងចុះទៅទីតាំងកើតហេតុ និងរកឃើញថា ពិតជាមានជនសង្ស័យ ចំនួន២ក្រុម វាយគ្នាទៅវិញទៅមក បង្កឲ្យមានរបួសស្នាមពិតប្រាកដមែន តែករណីនេះ ពុំបណ្តាលឲ្យមានការ បាត់បង់ជីវិតមនុស្ស ដូចការចុះផ្សាយនោះទេ ។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននរគរបាលខេត្តព្រះសីហនុ ចេញផ្សាយកាលពីថ្ងៃទី១ ឧសភា បានឲ្យដឹងថា កាលពីថ្ងៃ២៥ មេសា វេលាម៉ោងប្រហែល១៧ និង៣០នាទី មានការបង្ហោះ និងចែកចាយរូបភាព ព្រមទាំងវីដេអូ ករណីហិង្សាថា មានជនជាតិចិនស្លាប់ នៅសណ្ឋាគារ ណានហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯកស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំង ចុះពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ និងបានពិនិត្យឃើញ មានអ្នករងរបួស ចំនួន២នាក់ មានឈ្មោះ ១. LIN BOXIANG ភេទប្រុស ជាជនជាតិចិន របួសធ្ងន់ និងទី២ ឈ្មោះ HENG LIANG ភេទប្រុស ជនជាតិចិន របួសបែកក្បាល ខណៈអ្នករង របួសទាំងពីររូបនេះ ត្រូវបានមន្ត្រីនគរបាល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ថុង ជិ ភ្លាមៗ ។

សេចក្តីបំភ្លឺបញ្ជាក់ថា “យោងតាមការស្រាវជ្រាវ និងស៊ើបអង្កេត ជុំវិញកន្លែងកើតហេតុ រហូតដល់ម៉ោង២៣ និង៤០នាទី ថ្ងៃខែឆ្នាំដដែល ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំកម្លាំងនគរបាលជំនាញ ដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីហិង្សាខាងលើចំនួន១៥នាក់” ។

ប្រភពបញ្ជាក់ទៀតថា ឆ្លងតាមការស្រាវជ្រាវ ស៊ើបអង្កេត ព្រមទាំងការបំភ្លឺ ពីជនបង្កទាំង២ក្រុម និងសាក្សីនៅកន្លែង កើតហេតុ សមត្ថកិច្ចជំនាញសន្មត់ថា ករណីនេះ ជាករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងករណីប៉ុនប៉ងមនុស្សឃាត (បង្កដោយក្រុមជន សង្ស័យចំនួន២ក្រុម បានវាយគ្នាទៅវិញទៅមក) ។

ក្នុងនោះដែរ សមត្ថកិច្ចបានកសាងសំណុំរឿង និងជនសង្ស័យ ចំនួន៥នាក់ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់ និងកំពុងបន្តស្វែងរកចាប់ខ្លួន ជនសង្ស័យពាក់ព័ន្ធដែលរត់គេចខ្លួន ។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ដែរថា ករណីខាងលើពុំបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតនោះទេ ៕

To Top