ព័ត៌មានជាតិ

ប្រុងប្រយ័ត្ន! អ្នកនាំពាក្យ ក្រសួងសុខាភិបាល ព្រមានពីការឡើងកំដៅក្តៅខ្លាំង ពុំធ្លាប់មាន អាចធ្វើឲ្យមនុស្សដួលសន្លប់ ឬលេសឡាស់ ដោយខ្វះជាតិទឹកក្នុងខ្លួន

ភ្នំពេញ ៖ លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្នលើសុខភាព ចំពោះការប្រែលប្រួលអាកាសធាតុក្តៅខ្លាំងបំផុត ពុំធ្លាប់មាននៅកម្ពុជា ដែលការប្រែលប្រួលនេះ អាចនឹងធ្វើឲ្យមនុស្សដួលសន្លប់ ឬលេសឡាស់ ដោយខ្វះជាតិទឹក ក្នុងខ្លួនជាដើម ។

យោងតាមសាររបស់លោកស្រី នាថ្ងៃទី១ ឧសភា បង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន បានក្រឿនរំលឹកថា ការប្រែប្រួលអាកាសធាតុទៅជាក្តៅខ្លាំងបំផុត ដែលមិនធ្លាប់មាននៅកម្ពុជា ។ នៅកម្ពុជាពេលនេះ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុត មិនធ្លាប់មានពីមុនមកនោះឡើយ។

ជាមួយគ្នានេះ ដោយសារការកើនឡើងកម្តៅ លោកស្រីបានណែនាំមានការប្រុងប្រយ័ត្នខ្ពស់ លើសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឫលេសឡាស់ ដោយខ្វះជាតិទឹក ក្នុងខ្លួនជាដើម។

លោកស្រីអ្នកនាំពាក្យបញ្ជាក់ថា “ការប្រែប្រួលអាកាសធាតុនាពេលនេះ គឺជាការពិតហើយ។ ថ្ងៃនេះ(១ ឧសភា)កំដៅកើនឡើងអាចដល់៤៦ អង្សារសេទៅហើយ ដែលខ្ញុំស្នើសូមឲ្យប្រជាពលរដ្ឋយើង យកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយជូន សាធារណជនរួចហើយ”

លោកស្រី ឱ វ៉ាន់ឌីន គូសបញ្ជាក់ទៀតថា “អ្វីដែលសំខាន់នៅពេលនេះ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះ ក្នុងរយៈពេលយូរពេកដែលនាំឲ្យរលាកស្បែក បែកញើសខ្លាំងពេកធ្វើឲ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឲ្យលេសឡាស់ ដង្ហក់ ឫដួលសន្លប់ ហើយគាំងបេះដូងស្លាប់ជាដើម”។

លោកស្រីក៏បានផ្ញើសារ ទៅកាន់ពលរដ្ឋផងដែរដូចជា ៖ ត្រូវរកទីតាំងម្លប់ជ្រក , បើនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន , ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន , ពិសាទឹកស្អាតឲ្យបានគ្រប់គ្រាន់ពី២-៣លីត្រក្នុងមួយថ្ងៃ

លោកស្រីក៏បានណែនាំ កុំឲ្យពិសាភេសជ្ជៈផ្អែម ដែលធ្វើឲ្យកំដៅខ្លួនបុគ្គលកើនឡើងថែមទៀត ក្នុងពេលក្តៅខ្លាំងនេះ និងប្រើសម្លៀកបំពាក់ស្រាលស្តើង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រើឡូស្យុងការពារកំដៅថ្ងៃ ឬប្រើឆ័ត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ ឬអគារអាចប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់ ដើម្បូកាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក ប្រៃពេក ឬខ្លាញ់ពេក៕

To Top