ព័ត៌មានជាតិ

សម្ដេចធិបតី ស្នើអ្នកសារព័ត៌មាន ចូលរួមជាមួយរាជរដ្ឋាភិបាល លុបបំបាត់ព័ត៌មានក្លែងក្លាយ មានចរិត បំពុលសង្គម និងញុះញង់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើដល់អ្នកសារព័ត៌មាន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។

តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃ៣ ឧសភា សម្ដេចធិបតី បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន អ្នកសារព័ត៌មានត្រូវឈរ លើគោលការណ៍ជាមូលដ្ឋាន នៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ។

សម្ដេចធិបតីបន្ដថា នៅលើពិភពលោក អ្នកសារព័ត៌មានបានបំពេញតួនាទីដ៏សំខាន់ ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយកព័ត៌មាន ពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មាន ពីប្រជាពលរដ្ឋ មករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា ឲ្យទាន់ពេលវេលា និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ។

សម្ដេចធិបតីគូសបញ្ជាក់ថា «អ្នកសារព័ត៌មានអាជីពដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពី បញ្ហាសង្គម។ ខ្ញុំសូមបងប្អូនសារព័ត៌មាន បន្តចូលរួមលើក ស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ»។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រកាសគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»។ បច្ចុប្បន្នវិស័យសារព័ត៌មានបានប្រឈម ជាមួយការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាឥទ្ធិពលនៃបញ្ញាសិប្បនិមិត្ត ដែលកំពុងជ្រៀតចូលយ៉ាងខ្លាំង ក្នុងវិស័យព័ត៌មាន។

នាយករដ្ឋមន្ដ្រីថា ជាមួយនេះ មានការកើនឡើងនូវសារព័ត៌មានអនឡាញ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ញុះញង់ឲ្យកើតមានវិបត្តិក្នុងសង្គម និងការប្រើប្រាស់រូបភាពធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ។ បញ្ហាប្រឈមទាំងនេះ ចាំបាច់ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា៕

To Top