ព័ត៌មានជាតិ

ពលរដ្ឋជាង២១ម៉ឺននាក់ ចុះឈ្មោះជាសមាជិក របបសន្តិសុខ ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត

ភ្នំពេញ ៖ គិតត្រឹមខែមេសា ២០២៤​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិក របបសន្តិសុខ ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សរុបចំនួន ២១៣ ១៤៨នាក់ ។ នេះបើតាមការបញ្ជាក់ របស់ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។

បើតាមលោក​ហេង​ សុផាន់ណារិទ្ធ​ ក្នុងចំណោមសមាជិករបបសន្តិសុខ ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុប ក្នុងនោះមានបុគ្គល ស្វ័យនិយោជន៍ចំនួន ១៦៧ ៩១៣នាក់ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៥ ២៣៥នាក់ ។

លោក​ ហេង សុផាន់ណារិទ្ធ បន្ថែមថា រហូតមកទល់ពេលនេះ សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត បានទៅប្រើប្រាស់សេវាមានចំនួន ១៨៤ ១៨៦ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋាន សុខាភិបាល មានចំនួន ៨ ៤៤០លានរៀល។

លោកលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងការងារ បានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ ។

ក្នុងនោះក្រុមការងារបានចុះយុទ្ធនាការតាមក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៨៥០លើក ដែលមានអ្នកចូលរួមចំនួន ១ ៤០៨ ៩៧៥នាក់ និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៦១ ៤១៣ដង និងចំនួនចូលទស្សនា ៥ ២៩៧ ១៤០ដង ។

លោកបានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ដែលអត្ថប្រយោជន៍ ទាំងនោះមានដូចជា ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណ និងឯកជន ។ បន្ថែមពីនេះ ក្នុងករណីប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹង ផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ ។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគួរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាព របស់កុមារល្អប្រសើរជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាព នាពេលអនាគត៕

To Top