ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អង្គភាពសារព័ត៌មាន​បំពេញភារកិច្ច​ តាមក្រមសីលធម៌វិជ្ជាជីវៈ និងក្នុងក្របខណ្ឌច្បាប់កំណត់ ទទួលបានការការពារ​ ពីក្រសួងព័ត៌មាន

ភ្នំពេញ៖​ “កត្តាប្រឈមសម្រាប់អ្នកសារព័ត៌មាន​ គឺមានខ្លះៗនៅក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដែលវាក៏ជាស្ថានភាពកើតឡើង​ ចំពោះអ្នកសារព័ត៌មាន​ ដែលប្រកបអាជីពនេះ​ នៅតាមបណ្តាប្រទេសនានា​ លើពិភពលោក។​ ដោយឡែកនៅកម្ពុជា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហា​ ខណៈបំពេញភារកិច្ចតាមក្រមសីលធម៌​វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ ដោយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល​ តាំងពីអាណត្តិមុនៗ មកដល់អាណត្តិទី៧នេះ ដែលនេះជាការងារអាទិភាពមួយ​ស្ថិតនៅក្នុងក្របខណ្ឌរួម​ នៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា”។

ខាងលើនេះជាការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងកម្មវិធីប្រារព្ធទីវាសេរីភាព​ សារព័ត៌មានពិភពលោក (៣ ឧសភា) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ភពផែនដី ក្នុងបរិបទ នៃវិបត្តិបរិស្ថានសកល” កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធ​ អ្នកសារព័ត៌មានកម្ពុជា ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែត ការិយាល័យប្រចាំទីក្រុងភ្នំពេញ និងអង្គការ UNESCO ព្រមទាំងអង្គការដៃគូ ដោយមានវត្តមានអ្នកចូលរួមប្រមាណ ២០០នាក់។

លោកអ្នកនាំពាក្យ បានគូសបញ្ជាក់បន្ថែម​ ក្នុងកម្មវិធីនេះថា​ “អ្នកសារព័ត៌មាន​ ត្រូវបានលើកកម្ពស់សិទ្ធិដោយរាជរដ្ឋាភិបាល ពីអាណត្តិមួយទៅអាណត្តិមួយ​ ជារៀងរហូតមក ហើយក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់​ លើសេរីភាពសារព័ត៌មាន ការគាំពារ និងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីដែលពួកគេ​ ជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន ពោលគឺសម្រាប់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន​ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយដែលបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ”។

បន្ថែមពីលើនេះ ក្រសួងព័ត៌មាន ក៏បានទទួលពិនិត្យ ស្រាវជ្រាវអំពីអង្គហេតុ និងអង្គច្បាប់ ដោយអនុវត្តយន្តការសម្របសម្រួល ផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្នុងការដោះស្រាយវិវាទ នៅពេលអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ មានបញ្ហាប្រឈមណាមួយ​ នៅពេលអនុវត្តការងាររបស់ខ្លួន។ នៅកម្ពុជា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ហើយជួបបញ្ហាប្រឈមដូច្នេះ ត្រូវបានទទួលបានការការពារ ដែលនេះជាអាទិភាពមួយ​ ស្ថិតនៅក្នុងក្របខណ្ឌរួម​ នៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា។

ជាលទ្ធផលជាក់ស្តែង នៅក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងព័ត៌មាន បានទទួលដោះស្រាយវិវាទ​ របស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់​ ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន​ ក៏បាននិងកំពុងបន្តពង្រឹងកិច្ចសហការដែលមានស្រាប់ជាមួយ​ ក្រុមការងារមេធាវី​ របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការការពារផ្នែកច្បាប់​ ដល់អ្នកសារព័ត៌មាន ដែលប្រតិបត្តិការងារ​ តាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារ និងលើកស្ទួយសេរីភាព​ សារព័ត៌មាននៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកអ្នកនាំពាក្យ ក៏បានលើកឡើងថាការជួបជុំនាពេលនេះ​ បានផ្តល់នូវឱកាសមួយដល់ភាគីពាក់ព័ន្ធទាំងអស់ មានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងព័ត៌មាន និងវិស័យឯកជន​ ដែលកំពុងអនុវត្តការងារ ក្នុងក្របខណ្ឌសារព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមសហការគ្នាដើម្បីឱ្យប្រធានបទ “សារព័ត៌មានសម្រាប់ភពផែនដី ក្នុងបរិបទ នៃវិបត្តិបរិស្ថានសកល” ឆ្លុះបញ្ចាំងពីសារៈសំខាន់​ នៃតួនាទីរបស់អ្នកសារព័ត៌មាន ក្នុងការរួមចំណែកឆ្លើយតប​ ទៅនឹងបញ្ហាបរិស្ថាន ដូចជា ការប្រែប្រួលអាកាសធាតុ និន្នាការធ្លាក់ចុះនៃធនធានជីវៈចម្រុះ បញ្ហាអនាម័យបរិស្ថាន សំណល់ប្លាស្ទិក ។ល។ ដែលទាំងនេះ​ គឺជាបញ្ហារួមមួយរបស់កម្ពុជា និងសកលលោក ដែលតម្រូវឱ្យមានការចូលរួមទាំងអស់គ្នា ហើយចាំបាច់ណាស់ដែលអ្នកសារព័ត៌មាន គឺជាអ្នកនាំព័ត៌មានពិត ដែលអាចទុកចិត្តបាន ដើម្បីធានាការចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ ដើម្បីឈានទៅរកដំណោះស្រាយ​ ចំពោះវិបត្តិបរិស្ថានមួយចំនួន​ នាពេលបច្ចុប្បន្ននេះ។

លោក ទេព អស្នារិទ្ធ ក៏បានរំលឹកទៅដល់អ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារ​ នៅក្នុងប្រទេសទាំងអស់ សូមចងចាំនូវតួនាទីរបស់ខ្លួន​ ដែលជាអ្នកផ្តល់ព័ត៌មានពិត រាយការណ៍ព័ត៌មានពិត យល់ច្បាស់ពីក្របខណ្ឌច្បាប់ និងមិនត្រូវដើរតួនាទីជំនួសអាជ្ញាធរមានសមត្ថកិច្ច នគរបាល ស្ថាប័នតុលាការ ឬអង្គភាពណាមួយនោះទេ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន នឹងបន្តលើកទឹកចិត្ត​ ដល់ការផ្តល់ព័ត៌មានពិត ព័ត៌មានត្រឹមត្រូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដោយគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ​ របស់រាជរដ្ឋាភិបាល និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានផ្តល់ព័ត៌មាន​ អំពីការរៀបចំការសិក្សា និងចងក្រងរបាយការណ៍ស្តីពីស្ថានភាព​ សេរីភាពសារព័ត៌មាននៅកម្ពុជា និងបានផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់​ ឱ្យបានដឹងអំពីវិធីសាស្ត្របែបវិទ្យាសាស្ត្រ​ ដែលបានប្រើ និងលទ្ធផលដែលការសិក្សារបស់ក្រសួងព័ត៌មាន​ បានចងក្រងទុកក្នុងគោលបំណងបង្ហាញពីលំហសិទ្ធិ និងសេរីភាពសារព័ត៌មាន​ នៅកម្ពុជា ក៏ដូចជាដើម្បីបង្ហាញពីតួនាទី​ របស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការ​ របស់រាជរដ្ឋាភិបាល​ ក្នុងវិស័យព័ត៌មាន។ 

លោក ក៏បានជម្រាបជូនអង្គពិធី​ ពីការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការកំណត់នូវចក្ខុវិស័យ​ ដើម្បីប្រែក្លាយខ្លួនជា “ស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព” ក្រោមទស្សនៈថ្មី គឺ “ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន”។

ដោយឡែក លោកអ្នកនាំពាក្យ ក៏បានជម្រាបជូនអង្គពិធី ស្តីអំពីរបាយការណ៍ ស្តីពី «ស្ថានភាពសេរីភាពសារ ព័ត៌ មាន នៅកម្ពុជា» ដែលលទ្ធផលនៃសិក្សាបានង្ហាញថា អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួម​ ឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថាសេរីភាព​ សារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ អ្នកសារព័ត៌មានចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយ​ ក្នុងការស្ទង់មតិទាំងអស់ បានឯកភាពថា ភាពសម្បូណ៌បែប​ នៃប្រព័ន្ធផ្សព្វផ្សាយ​ នៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាព​ សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ខណៈអ្នកសារព័ត៌មានចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញ​ ក្នុងការប្រកបអាជីព​ ជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព​ ក្នុងការប្រមូលព័ត៌មាន​ ពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន​ ដោយសេរី។

ទន្ទឹមនេះដែរ ក្នុងចំណោមអ្នកចូលរួម​ ការស្ទង់មតិសរុប មនុស្សចំនួន ៩៩,៧% បានផ្តល់សារៈសំខាន់​ ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈ​ របស់អ្នកសារព័ត៌មាន។ ទាំងនេះសុទ្ធសឹងជាការរកឃើញ​ ស្តីពីស្ថានភាពសេរីភាព សារព័ត៌មាននៅកម្ពុជា ស្តែងចេញពីការសិក្សា​ របស់ក្រសួងព័ត៌មាន ដែលបានអនុវត្ត​ ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃផ្សព្វផ្សាយ​ របាយការណ៍ជាផ្លូវការ​ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

កាលពីពេលថ្មីៗនេះ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារ ព័ត៌ មាន នៅកម្ពុជា» ដោយគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានត្រៀម ខ្លួនរួចជាស្រេច​ ក្នុងការសហការ​ ជាមួយសមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់ គុណ ភាពវិជ្ជាជីវៈសារព័ត៌មាន និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបន្តពង្រឹងការប្រតិបត្តិ ក្រម សីលធម៌វិជ្ជាជីវៈ ការគ្រប់គ្រងសន្តិសុខព័ត៌មាន​ បន្តផ្តល់កិច្ចគាំពារសង្គម និងការការពារផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាន ដែលគោរពក្រមសីលធម៌ ការពង្រឹងសមត្ថភាពជំនាញ​ តាមរយៈការបណ្តុះបណ្តាល ជំនាញ និពន្ធ ផលិត និងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយគុណភាព ក៏ដូចជាបំពាក់បំប៉នជូន ដល់អ្នក សារព័ត៌មាននូវចំណេះដឹង​ ស្តីពីក្រមសីលធម៌ផងដែរ៕

To Top