ព័ត៌មានជាតិ

សម្ដេចធិបតី ៖ លំហសេរីភាពសារព័ត៌មាន នៅកម្ពុជា កាន់តែរីកចម្រើនធំធាត់ប្រកប ដោយសុខភាពល្អ

ភ្នំពេញ ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។

យោងតាមសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន» នៅថ្ងៃទី៣ ឧសភា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំ សូមធ្វើការកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។

សម្ដេចធិបតី បន្ដថា ច្បាប់ស្តីពីរបបសារព័ត៌មាន ពាក់ព័ន្ធនឹងសិទ្ធិនិងសេរីភាពខាងសារព័ត៌មាន បានកំណត់ពីការត្រួតពិនិត្យ មុនពេលបោះពុម្ពផ្សាយត្រូវបានហាមឃាត់ ដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់។

សម្ដេចធិបតី បន្ថែមថា ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» របស់ក្រសួងព័ត៌មាន សម្ដេច បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានក្រម សីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន។

សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា ទន្ទឹមនេះ ការយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានតាមរយៈការរៀបចំការបណ្តុះបណ្តាល នានាជាកត្តាចាំបាច់ ដែលក្នុងន័យនេះ សម្ដេច បានគាំទ្រលើទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មានស្តីពី ការពង្រឹងបទដ្ឋានបច្ចេកទេសនិងការទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ក្នុងដំណើរការការដ្ឋានកំណែទម្រង់របស់ខ្លួន៕

To Top