ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ប្រធានសភាអ៊ុយក្រែនថា កម្ពុជា នៅតែប្តេជ្ញាចិត្តគាំទ្រ កិច្ចប្រឹងប្រែងក្នុងគោលដៅស្តារសន្តិភាព នៅអ៊ុយក្រែន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់លោក Ruslan STEFANCHUK ប្រធានសភាអ៊ុយក្រែនថា កម្ពុជា នៅតែប្តេជ្ញាចិត្តគាំទ្រ កិច្ចប្រឹងប្រែងនានាក្នុងគោលដៅស្តារសន្តិភាព នៅអ៊ុយក្រែន។

តាមរយៈសារលិខិតចុះថ្ងៃទី២ ឧសភា តបទៅលោក Ruslan STEFANCHUK ដែលបានផ្ញើសារមកអបអរសាទរ សម្ដេចជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា សម្តេចបានលើកឡើងពីការចូលរួមរបស់កម្ពុជា ក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

សម្ដេចតេជោថា«កម្ពុជា នៅតែប្តេជ្ញាចិត្តគាំទ្រកិច្ចប្រឹងប្រែងនានា ក្នុងគោលដៅស្តារសន្តិភាពនៅអ៊ុយក្រែន»។

ជាមួយគ្នានេះ សម្ដេចតេជោក៏បានប្រាប់លោក Ruslan STEFANCHUK ថានឹងរង់ចាំធ្វើការជាមួយ អ៊ុយក្រែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ របស់ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក៕

To Top