ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់ទៅលោក Paul Clement ប្រធានសភាពាណិជ្ជកម្ម អន្តរជាតិ នៃ កម្ពុជា (International Business Chamber – IBC) ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ប៉ុន្តែផ្ទុយទៅវិញ បានផ្តល់អត្ថប្រយោជន៍ ដល់សកលលោកទាំងមូលផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ ជម្រាបជូនជា សង្ខេបអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្ត របស់កម្ពុជា តភ្ជាប់ទន្លេកម្ពុជា ទៅកាន់សមុទ្រដោយផ្ទាល់។

លោកបញ្ជាក់ថា «គម្រោងនេះត្រូវបានធ្វើការសិក្សាយ៉ាងលម្អិត ដោយក្រុមការងារបច្ចេកទេស និងទីប្រឹក្សាអន្តរជាតិចំនួន៤៨នាក់ ដោយប្រើប្រាស់ស្តង់ដារ និងបច្ចេកវិទ្យាអន្តរជាតិរួមមាន ៖ ដ្រូន និងផ្កាយរណបក្នុងការសិក្សានេះ ។ ជាលទ្ធផល គម្រោងនេះគឺមិនមានផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ ដល់សកលលោកទាំងមូលផងដែរ ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដោយសារចម្ងាយ ការធ្វើនាវាចរណ៍ មានរយៈប្រវែងខ្លីជាងមុន»។

សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ៕

