ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧប ស សុខា ប្ដេជ្ញាដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែសកម្មខ្លាំងក្លា

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពី ការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាថ្ងៃ៣ ឧសភា លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្ដេជ្ញាចិត្តនឹងដាក់ចេញនូវធានការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ឲ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាលកម្ពុជា។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស បានជាង ១ ៨០០ករណី ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ក្រាបបាន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ (ស្រី ៣៥នាក់) រឹបអូសគ្រឿងញៀនបានជិត ២តោន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ បង្ក្រាប បានចំនួន ១ ៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៣ ៩០៣នាក់ (ស្រី ២៧០នាក់) រឹបអូសគ្រឿងញៀន បានជាង ៨០គីឡូក្រាម។

ក្នុងនាមអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញឿនខុសច្បាប់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផលសម្រេចបាននេះថា ពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តីរម្លឹកថា សម្តេចធិបតី បានផ្តល់អនុសាសន៍ណែនាំឲ្យចាត់វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមយុទ្ធសាស្រ្ត «សម្អាតចកដើម្បីឲ្យទឹកថ្លាពេញផ្ទៃបឹង» និងបានដាក់ចេញបទបញ្ជាលេខ ០១បប ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន សំដៅការពារសុខុមាលភាពប្រជាពលរដ្ឋ រួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។

ផ្អែកតាមលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន ៨លើក កន្លងទៅ ពោលគឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន ៥៥ ៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០ ៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ប្រមាណ ២៧ ៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០ ០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈ និងវត្ថុតាងជាច្រើនទៀត។

សមត្ថកិច្ចក៏បានស្រាវជ្រាវ រកឃើញនិងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំង ចំនួន ៤៣៥ករណី ឃាត់ខ្លួនមេក្លោង ១៦៤នាក់ និងខ្សែរយៈបណ្តាញ ៨១១នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ផងដែរ។ លទ្ធផលនេះធ្វើឲ្យកម្ពុជាទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងនោះការបង្កករឹបអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនក៏ បានរួមចំណែកធ្វើឲ្យកម្ពុជាចាកចេញពីបញ្ជីប្រផេះនៃ FATF ផងដែរ។

ភ្ជាប់នឹងការផ្ដល់វិធានការគន្លឹះមួយចំនួន ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានប្រកាសដាក់ចេញការណែនាំ ៤ចំណុច ទៅកាន់មន្រ្តីពាក់ព័ន្ធ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដ របៀបក្នុងការធ្វើតេស្ដ ការបញ្ជាក់លទ្ធផលតេស ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន៕

To Top