ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងពិធីជួបជុំលើកទី៦ រវាង អ្នកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្តី។
ពិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ការជួបជុំនេះ ធ្វើឡើងស្របពេលពិភពលោក កំពុងប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ផងដែរ។
នាឱកាសនេះ មុនពិធីជួបជុំនេះ សម្ដេចធិបតីក៏បានស្នើអ្នកសារព័ត៌មានចូលរួមជាមួយរាជរដ្ឋាភិបាល លុបបំបាត់ព័ត៌មានក្លែងក្លាយ មានចរិតបំពុលសង្គម និងញុះញង់
តាមរយៈសារលិខិត សម្តេចធិបតី ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃ៣ ឧសភា សម្ដេចធិបតី មានប្រសាសន៍ថា ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាន នៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
សម្ដេចធិបតីបន្ដថា នៅលើពិភពលោក អ្នកសារព័ត៌មានបានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ។
សម្ដេចធិបតីគូសបញ្ជាក់ថា «អ្នកសារព័ត៌មានអាជីពដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។ ខ្ញុំសូមបងប្អូនសារព័ត៌មាន បន្តចូលរួមលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ»។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រកាសគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»។ បច្ចុប្បន្នវិស័យសារព័ត៌មានបានប្រឈមជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាឥទ្ធិពលនៃបញ្ញាសិប្បនិមិត្ត ដែលកំពុងជ្រៀតចូលយ៉ាងខ្លាំងក្នុងវិស័យព័ត៌មាន។
នាយករដ្ឋមន្ដ្រីថា ជាមួយនេះនឹងការកើនឡើងនូវសារព័ត៌មានអនឡាញ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ញុះញង់ឲ្យកើតមានវិបត្តិក្នុងសង្គម និងការប្រើប្រាស់រូបភាពធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។ បញ្ហាប្រឈមទាំងនេះ ចាំបាច់ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា៕