ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ និងបំពាក់គ្រឿងឥស្សរិយយសមេដាយដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃ២ ឧសភា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ក្នុងទិវាឆ្មបឆ្នាំ២០២៤នេះ ប្រធានបទពិតជាមានន័យសំខាន់ សំដៅលើការពង្រឹងសមត្ថភាពជំនាញបំពេញការងារឆ្មបឲ្យបានល្អជាងមុន ដើម្បីបម្រើសេវាថែទាំព្យាបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនស្ត្រី ទារក កុមារ យុវវ័យផង និងជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុមកលើសុខភាពមាតា ទារក កុមារ និងយុវវ័យផង។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ៖ គ្រប់គ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន ដែលកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យសុខាភិបាល ត្រូវធ្វើទំនើបកម្មលើកម្មវិធីសិក្សា ដើម្បីឲ្យស្របតាមនិយាមស្តង់ដា និងបញ្ចូលនូវអន្តរាគមន៍គន្លឹះថ្មីៗ ជាពិសេសពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ មណ្ឌលបង្ហាញត្រាប់ បំពាក់ឧបករណ៍សម្ភារសិក្សាទាន់សម័យ ។ គ្រឹះស្ថានសិក្សាត្រូវស្វែងរក កៀរគរធនធានក្នុងការបណ្តុះបណ្តាលគ្រូ បង្កើនសមត្ថភាពឲ្យបានខ្ពស់ ដោយត្រូវមានគុណវុឌ្ឍខ្ពស់ គុណធម៌ ក្រមសីលធម៌ល្អ ។ មូលដ្ឋានសុខាភិបាលដែលទទួលនិស្សិតធ្វើកម្មសិក្សា ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្វឹកជំនាញ ការអនុវត្តផ្ទាល់របស់និស្សិត
ក្នុងនោះការបណ្តុះបណ្តាលបន្តក្នុងពេលបំពេញការងាររបស់ឆ្មប ការអភិបាលតាមដានការអនុវត្តការងារមានសារៈសំខាន់ ហើយត្រូវធ្វើបន្តជាប់ជាប្រចាំ។

លោករដ្ឋមន្រ្តីថា ឆ្មបទាំងអស់ ត្រូវតែចុះបញ្ជីជាមួយគណៈវិជ្ជាជីវៈ ត្រូវបំពេញគ្រប់លក្ខខណ្ឌដើម្បីទទួលបានអជ្ញាបណ្ណ ក៏ដូចជាបន្តសុពលភាពអាជ្ញាបណ្ណ អនុវត្តការងារឲ្យបានត្រឹមត្រូវ និងត្រូវគោរពឲ្យបាននូវក្រមសីលធ៌មវិជ្ជាជីវៈ។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យកាលម៉ែត និងប្រធានមណ្ឌលសុខភាពនៃខេត្តពោធិ៍សាត់ ដែលទទួលបានជោគជ័យជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល សរុបចំនួន១០២រូប ក្នុងនោះមេដាយប្រាក់ការងារ ចំនួន ១១គ្រឿង និងមេដាយសំរិទ្ធការងារ ចំនួន ៩១គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ទទួលបន្ទុកផ្នែកសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យលទ្ធភាពក្នុងការស្នើសុំគ្រឿងឥស្សរិយយសមេដាយ ជូនដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរសុខាភិបាល ដោយត្រូវឈរលើគោលការណ៍ស្នើសុំឲ្យបានត្រឹមត្រូវស្របតាមនីតិវិធីដែលបានកំណត់៕

To Top