ភ្នំពេញ៖ លោក អ៊ុង គង្គា ប្រធានអង្គការសប្បុរសធម៌ ខ្វនថឹម និងគណៈប្រតិភូ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកថវិកា២០០០០ដុល្លារ (២ម៉ឺន) បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការទ្រទ្រង់សកម្មភាព របស់មន្ទីរពេទ្យ ដែលបាននិងកំពុងព្យាបាលកុមារកម្ពុជាដ៏ច្រើន ជារៀងរាល់ឆ្នាំ ។
ពិធីប្រគល់ និងទទួលថវិកា របស់សប្បុរសធម៌ នៃអង្គការខ្វនថឹម ធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ (ក្រោយព្រះបរមរាជវាំង) ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ។
ថ្លែងក្នុងឱកាសនេះ លោក អ៊ុង គង្គារ ប្រធានអង្គការសប្បុរសធម៌ខ្វនថឹម បានលើកឡើងថា យើងខ្ញុំតំណាងអោយអង្គការសប្បុរសធម៌ ខ្វន ថឹម សូមសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានយកអស់ពីកំលាំងកាយចិត្ត ព្យាបាលអ្នកជំងឺស្ត្រី និងកុមារដ៏ច្រើន ជារៀងរាល់ឆ្នាំ។
លោក អ៊ុង គង្គារ បានបន្តទៀតថា កន្លងមក យើងខ្ញុំបានឃើញព័ត៌មាន សហគ្រាស និងស្ថាប័នជាច្រើន បានបរិច្ចាគថវិកាជាបន្តបន្ទាប់ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា យើងខ្ញុំសូមចូលរួមចំណែកគាំទ្រ នូវសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ។ ដោយសារអង្គការសប្បុរសធម៌ខ្វនថឹម ទើបបានបង្កើតឡើងមិនយូរប៉ុន្មាន កំលាំងធនធាននៅមានកំរិត យើងខ្ញុំសូមធ្វើការបរិច្ចាគថវិកា ជាលើកដំបូង ចំនួន២ម៉ឺនដុល្លាអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ពិតមែនតែចំនួនថវិកានេះមិនច្រើន តែបានបង្ហាញពីទឹកចិត្ត និងការគាំទ្ររបស់យើងខ្ញុំ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា។
លោកក៏បាន ប្រាប់ឱ្យលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ទទួលយកថវិកាទាំងនេះ ដើម្បីប្រើប្រាស់ ក្នុងបេសកកម្មរបស់មន្ទីរពេទ្យ ក្នុងការជួយសង្គ្រោះអ្នកជំងឺ អោយកាន់តែច្រើនឡើង។
ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណ គណៈប្រតិភូ នៃអង្គការសប្បុរធម៌ខ្វនថឹម ដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីទ្រទ្រង់សម្មភាពរបស់មន្ទីរពេទ្យ ដែលការបរិច្ចាគនេះ នឹងធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាព បន្តសកម្មភាពជួយដល់កុមារកម្ពុជា ជាបន្តបន្ទាប់ និងថា ថវិកា២ម៉ឺនដុល្លារដែលអង្គការខ្វនថឹម បរិច្ចាគជូននាពេលនេះ ពិតជាចំនួនថវិកាដ៏ច្រើនផងដែរ ។
ក្នុងនោះលោកវេជ្ជបណ្ឌិតសង្ឃឹមថា ការបរិច្ចាគថវិការបស់អង្គការខ្វនថឹម នាថ្ងៃនេះ នឹងក្លាយជាគំរូល្អមួយ នឹងធ្វេីឱ្យក្រុមហ៊ុនសហគ្រាស និងបណ្តាសប្បុរជនផ្សេងទៀតចូលរួមបរិច្ចាគថវិកា ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ។
លោកវេជ្ជបណ្ឌិតបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ជា ទទួលព្យាបាលអ្នកជំងឺកុមារ ដោយមិនរើសអើងជាតិសាសន៍ និងមិនថាឡើងកូនចៅកម្ពុជា បរទេសក៏ព្យាបាលដែរ ហើយទទួលបានការព្យាបាល ដែលមានគុណភាពដូចគ្នា ប៉ុន្តែមន្ទីរពេទ្យរបស់លោក អត់មានគ្រែ VIP ទេគឺស្មើភាពគ្នា ៕