ភ្នំពេញ ៖ យុវជន នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ លើកឡើងថា ខ្លួនសប្បាយចិត្ត នៅពេលមាន ឱកាសចូលហាត់ការ នៅក្រុមហ៊ុនឯកជន ពីព្រោះវាជាឱកាស ក្នុងការពង្រឹងសមត្ថភាព បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់អស់ជិត៤ខែកន្លងទៅ និងអាចចាប់យកឱកាសការងារ ក្លាយជាបុគ្គលិកពេញសិទ្ធិ នៅក្រុមហ៊ុនឯកជននោះផ្ទាល់តែម្តង ក្រោយបញ្ចប់វគ្គហាត់ការ។
យុវជន ជុំ ចំរើន សិក្ខាកាមសិក្សា ផ្នែកសំណង់ ជំនាញដំឡើង បណ្តាញ អគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា ៖ «ខ្ញុំសប្បាយចិត្តណាស់ ដែលបានមានឱកាស ចុះហាត់ការនៅក្រុមហ៊ុន ឯកជនឈ្មោះ Lotus ដែលជាក្រុមហ៊ុនផ្នែកសំណង់ ព្រោះខ្ញុំបានរៀន ជំនាញនៅក្នុងថ្នាក់ហើយ បន្ទាប់មកបានចុះអនុវត្ត ផ្ទាល់នៅក្រុមហ៊ុនឯកជនថែមទៀត»។
យុវជនរូបនេះបន្ថែមថា នៅវគ្គចុះហាត់ការនេះខ្លួនរំពឹង យ៉ាងមុតមាំថា នឹងមានឱកាសក្នុងការបម្រើការងារ ជាបុគ្គលិកពេញសិទ្ធិ នៅក្រុមហ៊ុន ដែលកំពុង ចុះហាត់ការនេះផ្ទាល់តែម្តង ពីព្រោះការហាត់ ការរយៈពេល១ខែ មកនេះមានភាពល្អប្រសើរ ហើយមានការចាប់អារម្មណ៍ ពីសំណាក់ក្រុមហ៊ុនផ្ទាល់តែម្តង។
ដោយឡែកយុវជន សូ កក្កដា សិក្ខាកាមម្នាក់ទៀតសិក្សា ផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ក៏បានលើកឡើងដែរថា៖ «ខ្ញុំរីករាយណាស់ ដែលបានរៀនជំនាញ ក្នុងថ្នាក់បានយ៉ាងល្អ ហើយមានឱកាសចុះហាត់ការនៅក្រុមហ៊ុនឯកជនឈ្មោះ A2Z ដែលជាក្រុមហ៊ុនផ្នែកសំណង់ ពីព្រោះវាជាឱកាសរៀន សូត្របន្ថែម ពង្រឹងសមត្ថភាព និងជាពិសេសនឹងអាចមាន ឱកាសធ្វើការនៅក្រុមហ៊ុនដ៏ល្អនេះផងដែរ»។
យុវជនរូបនេះបន្ថែមថា ខ្លួនបានចុះហាត់ការ បានរយៈពេល១ខែហើយ បន្ទាប់ពីសិក្សាជំនាញអស់ រយៈពេលជិត៤ខែនៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ហើយរំពឹងថាក្រុមហ៊ុន នឹងអាចជ្រើស រើសខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីបញ្ចប់ការហាត់ការនៅទីនេះ។
ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សា ជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារ បានធ្វើថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមក ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាន និងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈសិក្ខាកាមមួយចំនួនក៏បាន និងកំពុងចុះហាត់ការ នៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារ នៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ ការរួចផងដែរ ៕