កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ខ្លូត ចិន្ដា នៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមទ្ធិផលនានា ក្នុងបរិវេណវត្តពោធិអម្ពវ័ន (ស្វាយទាប) ស្រុកចំការលើ ។
លោកអភិបាល រងខេត្ត បានលើកឡើងក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តនិរន្តរភាព និងចក្ខុវិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋបន្តទៀត ។ ពោលគឺ ការបន្តរក្សាសុខសន្តិភាព ដែលជាការខិតខំ ដ៏លំបាករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ខ្លូត ចិន្ដា បានថ្លែងបន្តថា ការបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបើកវេទិកាសាធារណៈតាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាល ផ្តោតទៅលើកិច្ចការសំខាន់ៗ មានដូចជា ល្បែងស៊ីសងគ្រប់ប្រភេទ ករណីឆបោក , ករណីគ្រឿងញៀន, ករណីក្មេងទំនើង, ការប្រមូលយកនូវ កង្វល់ សំណូមពរ ដើម្បីធ្វើការដោះស្រាយ ។
ទន្ទឹមនិងនោះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងពុទ្ធចក្រ និងអាណាចក្រ និង ការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដូចជាការគិតគួរអំពីសុខុមាលភាព, ការដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវភាពជួបការ លំបាកជាដើម ៕