ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នេះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញ ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ជារៀងរាល់ឆ្នាំ នៅរដូវវស្សាបរិមាណទឹកភ្លៀងដ៏ច្រើន បានហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោត កើនឡើងពី១៣០០ទៅ២០០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ ដោះទឹកនៅកំពង់ទួលទឹកថ្លា នៅផ្នែកខាងក្រោម អាចដោះទឹក បានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី រួមផ្សំកម្ពស់ទឹក នៅតាមអាង ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើន ពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ជាហេតុធ្វើឱ្យមានការជន់លិច តំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តបតាមការចង្អុលបង្ហាញ ប្រកបដោយយុទ្ធសាស្ត្រ ជាក់លាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជន់លិច ក្នុងអាងស្ទឹងនិងទន្លេ តាមរយៈការកំណត់តំបន់លិចទឹក ជាប្រចាំ តំបន់លិចទឹកហើយ និងស្រកទៅវិញ និងតំបន់លិចទឹក ដោយសារការអភិវឌ្ឍផ្សេងៗ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំនូវផែនការ គ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្ម លើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពទឹកប្រកបដោយស័ក្តិសិទ្ធិភាព ដល់រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានបន្តឱ្យដឹងថា គម្រោងពង្វាងទឹកនេះ មានការស្តារប្រឡាយចំនួន១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ និងមានការសាងសង់ ស្ថានីយបូមទឹក ដើម្បីជាយុទ្ធសាស្រ្ត ក្នុងការដោះទឹក ឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហើយរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦០% ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីសមាហរណកម្មផែនការ ការងារដោះទឹកនិង បង្វែរទឹកភ្លៀង និងជំនន់ទឹកភ្លៀងគ្រប់ច្រក ចេញពីរាជធានីភ្នំពេញ អង្គប្រជុំបានសម្រេចឱ្យក្រសួងធនធានទឹក និងឧតុនិយមទទួល បន្ទុកធ្វើការដោះទឹក និងពង្វាងទឹកចេញពីតំបន់ជុំវិញ រាជធានីភ្នំពេញ ទៅតាមគ្រប់ច្រកទាំងអស់ នៅផ្នែកខាងក្រៅចូលទៅក្នុងអាងទន្លេ ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ ទទួលបន្ទុកកិច្ចការដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីផ្ទៃក្នុង រាជធានីភ្នំពេញ តាមប្រព័ន្ធលូនានា និងប្រព័ន្ធចម្រោះទឹកកខ្វក់៕











