ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ គណបក្សថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
បន្ទាប់ពីលោកប្រធានគណបក្សស្រុកទាំងពីរ បានអានរបាយការណ៍ស្ដីពីសមិទ្ធផលនានាក្នុងស្រុក និងជ័យជំនះរបស់គណបក្សស្រុកទាំងពីររួចមកលោក ឆាយ ប្ញទ្ធិសែន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ សេចក្ដីស្រឡាញ់ នឹករឭក និងពរសព្វសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិកា ទាំងអស់នៅទីនោះ ។
លោក ឆាយ ឫទ្ធិសែន បានលើកឡើងពីសមិទ្ធផល និងជ័យជំនះដ៏ធំធេងជាប្រវត្តិសាស្រ្ដ របស់គណបក្សប្រជាជនកម្ពុជានៅគ្រប់អណត្តិកន្លងមក និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។
ជាមួយគ្នានេះដែរ លោក ឆាយ ប្ញទ្ធិសែន បានផ្ដាំផ្ញើដល់អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំទាំង១៨ ក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព តាមរយៈការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីបង្កបរិយាកាសល្អ ដល់ការបោះឆ្នោត និងត្រូវខិតខំថែរក្សាសុខភាពខ្លួនឱ្យបានល្អ ដើម្បីត្រៀមអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យសម្រេចបានតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលសេដ្ឋកិច្ច មធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់ ៕