ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជើងទា( FIN Swimming) កម្ពុជារបស់សហព័ន្ធខ្មែរកីឡាហែលទឹកចូលរួមព្រឹតិ្តការណ៍ការប្រកួតហែលទឹកជើងទាកុមារអន្តរជាតិ ឆ្នាំ២០២៤ “Children’s – Junior Finswimming Competition 2024” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងសកលវិទ្យាល័យ នៅទីក្រុង Pathumthani នៃព្រះរាជាណាចក្រថៃ។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា យោងតាមលិខិតអញ្ជើញរបស់ប្រធានសមាគមកីឡាក្រោមទឹកនៃព្រះរាជាណាចក្រថៃ និងទទួលបានការអនុ ញ្ញាតពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជើងទា( FIN Swimming) កម្ពុជាចំនួន ៤ រួមមាន លោក ហែមថុនពន្លឺ ជាគ្រូបង្វឹក កីឡាករ ហែមថុន រ៉ូណាល់ និងកីឡាការិនី ហួន ទិត្យដាលីន ។
លោកអគ្គលេខាធិការបានបន្តថា ការបញ្ជូលឲ្យកីឡាករ-កីឡាការិនីហែលទឹកជើងទាវ័យក្មេងក្រោមអាយុ១៥ ឆ្នាំកម្ពុជាចូលរួមការប្រកួតកម្រិតអន្តរជាតិលើកនេះ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបានបទពិសោធន៍ វាស់ស្ទង់សមត្ថភាពការប្រកួតកម្រិតកុមារ ទោះបីយើងបញ្ជូនទៅចូលរួមចំនួនតិចមែន ប៉ុន្តែជាចំនួនមួយក្នុងចាប់ផ្តើមបណ្តុះបណ្តាលឲ្យពួកគេបញ្ចេញសមត្ថភាពការប្រកួតកម្រិតអន្តរជាត។ ការប្រភេទវិញ្ញាសា ហែលទឹកជើងទា សហព័ន្ធទើបតែបង្កបង្កើតដោយផ្តើមចេញពីកម្រិតមូលដ្ឋានពីកុមារ ដើម្បីបង្កើតធនធានមនុស្ស (កីឡាករ-កីឡាការិនី)។
លោក ហែម គីរី បានបន្ថែមថា កីឡាករ-កីឡាការិនីហែលទឹកជើងទាវ័យក្មេងក្រោមអាយុ១៥ ឆ្នាំកម្ពុជាប្រកួតលើ ២ វិញ្ញាសារួមមានវិញ្ញាសា ៥០ ម៉ែត្រ និងវិញ្ញាសា ១០០ ម៉ែត្រ ក្នុងនោះកីឡាករម្នាក់ប្រកួត ២ វិញ្ញាសា៕