ព័ត៌មានជាតិ

សម្ដេចធិបតី នឹងផ្ដល់ក្របខ័ណ្ឌ ដល់សាច់ញាតិរបស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ នាពេលថ្មីៗនេះ។

ការផ្ដល់ក្របខ័ណ្ឌរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់មានយុវជនម្នាក់អះអាងជាកូនរបស់ យោធិនម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់ ស្នើសុំបន្តវេនពីឪពុកខ្លួនឈ្មោះវរសេនីយ៍ទោ ជា សំណាង ។

ហ្វេសប៊ុកនោះបានសរសេររៀបរាប់ថា «ខ្ញុំបាទឈ្មោះ ជា សំណាង រស្មីសត្យា ភេទប្រុសអាយុ ២៣ឆ្នាំ ការសិក្សាចប់ថ្នាក់ទី១២ (សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ) បច្ចុប្បន្នមិនមានការងារអ្វីទេ សុខភាពល្អធម្មតា ដែលត្រូវជាកូនច្បងរបស់លោកវរសេនីយ៍ទោ ជា សំណាង ដែលបានបាត់បង់ជីវិតក្នុងហេតុ ការផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ សូមគោរពដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាទីគោរព ខ្ញុំបាទមានបំណងបន្តវេនពីឪពុក ចូលបម្រើការងារយោធានៅខេត្តកោះកុងបន្តទៀត ដើម្បីបានប្រាក់ខែចិញ្ចឹមម្តាយ ប្អូនៗនិងជីដូនចាស់ជរា ព្រោះសព្វថ្ងៃ ក្រុមគ្រួសារខ្ញុំ គ្មានអ្វីទីពឹង សូមសម្តេចធិបតី ហ៊ុន ម៉ាណែត, សម្តេចតា មេត្តាជួយសម្រេចបំណងខ្ញុំបាទផង ខ្ញុំបាទសូមគោរព និងថ្លែងអំណគុណ»។

ករណីនេះ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី៦ ឧសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបត្រឡប់ទៅវិញ ដោយបានឯកភាពតាមសំណើរបស់ រស្មីសត្យាហើយ។

សម្ដេចនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារ ប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្តៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណា មួយដូចបានបំផ្លើសឡើយ ៕

To Top