ព័ត៌មានជាតិ

ក្រសួង៣ ព្រមព្រៀងដាក់ចេញ គោលការណ៍៤ចំណុច ដើម្បីជួយពលរដ្ឋ លើវិស័យកសិកម្ម ធនធានទឹក និង អភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ក្រសួងចំនួន៣ រួមមានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងធនធានទឹកនិងឧតុនិយម បាន ព្រមព្រៀងគ្នា ដាក់ចេញគោលការណ៍សំខាន់ៗ៤ចំណុច ដើម្បីជួយពលរដ្ឋ លើវិស័យកសិកម្ម ធនធានទឹក និង អភិវឌ្ឍន៍ជនបទ។

ការព្រមព្រៀងគ្នា ដាក់ចេញគោលការណ៍ទាំង៤នេះ ធ្វើឡើងបន្ទាប់ពីក្រសួងទាំង៣ បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង ដែលមានចូលរួម ពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣។

គោលការណ៍សំខាន់ចំនួន៤ រួមមាន៖

១/ កំណត់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួម របស់ក្រសួងទាំង៣ ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បី

សហការអនុវត្តឱ្យបានជោគជ័យ។

២/ ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការនិងទម្លុះ នូវភាពរាំងស្ទះទាំងឡាយដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។

៣. ផ្សារភ្ជាប់គម្រោងនិងកម្មវិធីគោលនយោបាយ ដែលពាក់ព័ន្ធនឹងសហគមន៍ របស់ក្រសួងទាំង៣

ដូចជាសហគមន៍កសិកម្មទំនើប របស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹក របស់ក្រសួងធនធានទឹក និង ភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណា ជួយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យទទួលបាន អត្ថប្រយោជន៍ជាអតិបរមា។

៤/ ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំ ទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារ ដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត៕

To Top