ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង សុខាភិបាល ដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែឧសភា

ភ្នំពេញ ៖ នៅទីស្តីការក្រសួង សុខាភិបាល នាថ្ងៃ៦ ឧសភា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ស្នើថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើ សមត្ថភាពមន្ត្រីរាជការ របស់ខ្លួនទាក់ទងនឹងរបៀបរបប និងឥរិយាបថក្នុងការបំពេញការងារ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឈានទៅរកការគ្របដណ្តប់សុខភាពជាសកល ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏ស្នើថ្នាក់ដឹកនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេវាច្រកចេញចូល តែមួយ ដោយត្រូវយកចិត្តទុកដាក់ និងធ្វើឲ្យមានប្រសិទ្ធភាព ក្នុងការជម្រុញការផ្តល់ សេវាបានឆាប់រហ័សដល់ប្រជាពលរដ្ឋ ។ ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវចុះពិនិត្យលើសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាគ្រឹះស្ថានទាំងនោះមានគុណវឌ្ឍន៍ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការថែទាំព្យាបាលសុខុមាលភាព ជូនអ្នកមកទទួលសេវា ប្រកបដោយគុណភាព ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ដល់ថ្នាក់ដឹកនាំ នៅតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ ក្នុងការពិនិត្យការស្នើសុំ ឬបំពាក់គ្រឿង ឥស្សរិយយសជូនមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលមានស្នាដៃ ក្នុងការបំពេញការងារ ស្របតាមនីតិវិធីដែលបានកំណត់ ។ ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកចុះមូលដ្ឋាន ត្រូវពិនិត្យអំពីការស្នើ និងបំពាក់គ្រឿងឥស្សរិយយស របស់មូលដ្ឋានសុខាភិបាល ដោយដាក់ជាសូចនាករ បន្ថែមក្នុងការចុះពិនិត្យមូលដ្ឋាន សុខាភិបាលទូទរាជធានី-ខេត្ត ៕

To Top