ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ នាវាចិន២គ្រឿង ចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីបណ្តុះបណ្តាល បច្ចេកទេសដល់កងទ័ពជើងទឹកកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នាវារបស់ចិនចំនួន ២គ្រឿង បានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា​ ក្នុងគោលបំណងបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា និងតេស្តកំពង់ផែ ដែលចិនជួយកសាងតែប៉ុណ្ណោះ។

នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន ២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។

យោងតាមគេហទំព័រហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត នាថ្ងៃទី៧ ឧសភា បានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិឲ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។

នាយឧត្តមសេនីយ៍ថា «វត្តមាននាវាចិន ២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឲ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះ ដើម្បីបម្រើឲ្យវិស័យយោធានៅពេលខាងមុខផងដែរ ។ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ»។

នាយឧត្តមសេនីយ៍ អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា «កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេស នៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត»។

នាយឧត្តមសេនីយ៍សង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត៕

To Top