ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានណែនាំឲ្យក្រុមការងារទូរគមនាគមន៍ បន្តពង្រឹងគុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញ ខណៈបង្គោលអង់តែនរួមចំនួន ៧៤បង្គោល ត្រូវបានសង់នៅតាមបុរី ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-08_10-07-42-1024x682.jpg)
ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់ គុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញទាំង៩ក្រុម នៅថ្ងៃ៧ ឧសភា លោក ជា វ៉ាន់ដេត បានលើកឡើងពីគោលបំណងលើកកម្ពស់ ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃ ការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត ដោយក្រសួងបានបង្កើតក្រុមការងារ លើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញដែលមាន ក្រុមការងារប្រតិបត្តិទាំង៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-08_10-07-28-1024x606.jpg)
គិតមកដល់ថ្ងៃទី៧ ឧសភា ក្រុមការងារលើកកម្ពស់គុណភាព សេវាទូរគមនាគមន៍នៅតាមបុរីបានសាង់សង់ «បង្គោលអង់តែនរួម» ៧៤បង្គោល ដែល «បង្គោលអង់តែនរួម» នីមួយៗអាចបំពាក់បានស្ថានីយ៍ អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-08_10-07-39-1024x682.jpg)
ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឲ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន៣៧ ស្ថានីយ៍ , ក្រុមហ៊ុន Metfone ចំនួន៥៨ ស្ថានីយ៍និងក្រុមហ៊ុន Smart ចំនួន ៦២ស្ថានីយ៍ដែលប្រតិបត្តិករបានបំពាក់ ស្ថានីយ៍អង់តែនតាមការបានគ្រោងទុក។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-08_10-07-37-1024x682.jpg)
ជាមួយគ្នានេះ ខណ្ឌទាំង១៤ បានសាងសង់បន្ថែម «បង្គោលអង់តែនរួម» ២៩៨ បង្គោលដែលស្ថានីយ៍អង់តែនចំនួន៣២០ បានដាក់ឲ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន២៥ស្ថានីយ៍, ក្រុមហ៊ុន Metfone ចំនួន១០៣ ស្ថានីយ៍ និងក្រុមហ៊ុន Smart ចំនួន១៩២ស្ថានីយ៍។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនទៀត រហូតគ្រប់ចំនួនតាមការគ្រោងទុក។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-08_10-07-35-1024x682.jpg)
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ បន្តពង្រឹងគុណភាពសេវា ក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករណាមួយ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី និងទីតាំងអគារខ្ពស់ៗ ក្នុងការជំរុញគុណភាពសេវា។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-08_10-07-30-1024x682.jpg)
ជាមួយគ្នានេះដែរ ក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗ ក្នុងរាជធានីភ្នំពេញ ត្រូវបន្តសម្របសម្រួលការចុះសម្ភាសន៍តាមតំបន់ ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជា ដំណោះស្រាយឲ្យបានទាន់ពេលវេលា៕
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-08_10-07-28-1-1024x606.jpg)
សូមជម្រាបជូនថា បច្ចុប្បន្ន លោករដ្ឋមន្ត្រី បានបន្ថែមសមាសភាព ក្រុមការងារប្រតិបត្តិរហូតដល់ ៩ក្រុម ដើម្បីជួយពន្លឿនក្នុងការលើកកម្ពស់គុណភាព សេវាទូរគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង និងជំរុញការអនុវត្តផែនការសកម្មភាព លើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងបុរី អគារ ខុនដូ-អាផាតមិន អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើប និងទីតាំងផ្សេងទៀតតាមការចាំបាច់ នៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)