ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងបាញ់ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក កំពុងរៀបចំបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ក្រោយពីខ្មាន់កាំភ្លើង​ បានបាញ់រះជាច្រើនគ្រាប់ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៖២០នាទីទៀបភ្លឺ ត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន និងកំពុងរៀបចំបញ្ជូនខ្លួន ទៅតុលាការចាត់ការបន្តតាមនីតិវិធី ។

បើតាមការផ្សាយ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នាថ្ងៃ៨ ឧសភា គឺជនសង្ស័យនេះ មានឈ្មោះថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋាន សណ្តាប់ធ្នាប់ ក្រសួងការពារជាតិ ដោយកាលពីរាត្រីថ្ងៃ៧ ឧសភា រូបគេបានបាញ់កាំភ្លើង បណ្តាលឲ្យរង របួសជនរងគ្រោះចំនួន៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក បន្ទាប់ពីធ្វើសកម្មភាព រួចជនសង្ស័យខាងលើ បានជិះរថយន្ត១គ្រឿង ម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់ ។

ប៉ុន្តែនៅថ្ងៃដដែល(៧ ឧសភា) វេលាម៉ោង១៩៖៣០នាទីព្រឹក សមត្ថកិច្ចឃាត់ខ្លួនបាន នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។
បន្ទាប់ធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរង គ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន។

មធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

To Top