ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយលេខ១៥ ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។

សូមជម្រាបថា ប្រឡាយលេខ១៥ ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានជួបប្រទះស្ថានភាព គោករាក់ ដែលចាំបាច់តម្រូវ ឱ្យក្រសួងធនធានទឹក ធ្វើការស្តារឡើងវិញ ។ គម្រោងស្តារប្រឡាយលេខ១៥ រួមមាន ស្តារប្រឡាយមេចំនួន៤ខ្សែ ប្រឡាយរងទី១ចំនួន ១១ខ្សែ ប្រឡាយរងទី២ (ប្រឡាយជើងក្អែប) ចំនួន ១០ខ្សែ ដែលមានប្រវែងសរុបជាង ៥៦គីឡូម៉ែត្រ ក្នុងនោះប្រឡាយដីមានប្រវែងជាង ៣២គីឡូម៉ែត្រ និងប្រឡាយបេតុង មានប្រវែងជាង ២៣គីឡូម៉ែត្រ និងស្ថានីយបូមទឹកមួយកន្លែងបំពាក់ដោយម៉ូទ័រដើរ ដោយចរន្តអគ្គិសនីចំនួន ៤គ្រឿង។ រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេច បានប្រមាណ ៧០% ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងក្តីនឹករលឹក របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋ ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រឡាយលេខ១៥ តភ្ជាប់ពីស្រុកអង្គរបុរី មកក្រុងដូនកែវ មានតួនាទីមិនត្រឹមបម្រើ ឱ្យការងារស្រោចស្រពផ្ទៃដី កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវនាវាចរដ៏សំខាន់ សម្រាប់ដឹកកសិផល ដែលបងប្អូនប្រជាកសិករ ផលិតបាន និងជាច្រកផ្លូវទឹកដ៏មានសក្តានុពល សម្រាប់ចរាចរណ៍ដោះដូរទំនិញ ជាមួយប្រទេសជិតខាង ដែលជួយជំរុញដល់ការ អភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ ចំពោះវឌ្ឍនភាពការងារ ដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារ បន្តសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យ តាមផែនការគ្រោងទុក ដោយធានាបាននូវគុណភាព សម្រាប់ការប្រើប្រាស់បានយូរអង្វែង ។

គួរបញ្ជាក់ថា ប្រឡាយលេខ១៥ មានសក្តានុពលបម្រើ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ គឺស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ និងមានលទ្ធភាពបម្រើដល់ការងារស្រោចស្រពលើផ្ទៃដី បង្កបង្កើនផលប្រមាណ ១២០០០ ហិកតា៕
















