ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្តសង្កត់ធ្ងន់ ពីភាពចាំបាច់ នៃការរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍

បាត់ដំបង ៖ ពីវេទិកាអធិបតី នៃទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ប្រារព្ធនៅមណ្ឌលកីឡដ្ឋាន ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្តសង្កត់ធ្ងន់ ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និង រងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាព គួរឱ្យព្រួយបារម្ភនាឆ្នាំ២០២៤នេះទៀត ។

ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានរម្លឹកជូនអង្គពិធីអំពីការប្រែប្រួល ដ៏គួរឱ្យកត់សម្គាល់ នៃស្ថានភាពគ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា ដែលធៀបនឹង១៥ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃ មានតិចជាងការ ស្លាប់ដោយសារអាវុធជាតិ ផ្ទុះឬមីន និងមេរោគអេដស៍ ប៉ុន្តែ១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បាន នឹងកំពុងបន្តឈរខ្ពស់គួរបារម្ភជារៀងរាល់ឆ្នាំ។

ភ្ជាប់នឹងការគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលទើបបញ្ចប់ទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបង្ហាញការកត់សម្គាល់ ជូនអង្គពិធីទៀតថា កាលពីឆ្នាំ២០២៣ ស្វីសដែលមានប្រជាជនជាង៨លាននាក់ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍តែជាង៤០នាក់ ខណៈអាល្លឺម៉ង់មាន ប្រជាជនជាង៨០លាននាក់ មានអ្នកស្លាប់ប្រមាណតែ១៥០នាក់ ស្របពេលកម្ពុជា ដែលមានប្រជាជនជាង១៦ លាននាក់ មានអ្នកស្លាប់ជាង១ ០០០នាក់។

គួរកត់សម្គាល់ថា មកដល់ដើមឆ្នាំ២០២៤នេះ ជាមធ្យមកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ ជារៀងរាល់ថ្ងៃ។ ផ្អែកលើស្ថានភាពនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញការព្រួយបារម្ភអំពីលទ្ធភាព នៃការឈានទៅសម្រេចបានជោគជ័យ លើផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដែលកំណត់ដោយអង្គការសហប្រជាជាតិ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបង្កើនសំឡេងអំពាវនាវ ដោយទទូចទៅកាន់ភាគីពាក់ព័ន្ធបន្តគាំទ្រ ការរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមគ្នានឹងស្មារតីនៃការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ចាប់ពីមិត្តភក្ដិ ក្រុមគ្រួសារ សហគមន៍ សាលារៀន សាសនា អង្គភាពបំពេញការងាររដ្ឋនិងឯកជន ដោយផ្ដោតលើគោលការណ៍សំខាន់ៗដូចជា ចេះបើកបរឱ្យបានត្រឹមត្រូវ មានសីលធម៌ មិនលើសល្បឿន មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងគ្រឿងញៀន ត្រូវពាក់មួកឬខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវប្រកាន់ស្ដាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំ ជាដើម។

សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលបានកំណត់យកខែ ឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានា ទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹក ទៅដល់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់ វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

To Top