ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ណែនាំអ្នកម៉ៅការ ឲ្យយកចិត្តទុកដាក់ អនុវត្តការងារសាងសង់ តាមលក្ខណៈបច្ចេកទេស

ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់អ្នកម៉ៅការ ដែលប្រចាំការ នៅការដ្ឋានផ្ទាល់នៅ ខេត្តតាកែវ និងកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់អនុវត្ត ការងារសាងសង់ តាមលក្ខណៈបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវ និងសំណង់សិល្បការ្យមានគុណភាព ដើម្បីឲ្យប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែង។

ការណែនាំនេះធ្ចើឡើង ក្នុងឱកាសលោករដ្ឋមន្ត្រី ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន៦ខ្សែ និងស្ថានភាពផ្លូវ ព្រមទាំងស្ពាន ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការដ្ឋានសាងសង់ផ្លូវចំនួន៤ខ្សែ ក្នុងក្របខ័ណ្ឌ គម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងផ្លូវ២ខ្សែ ក្នុងស្រុកដដែលតាមសំណើ គម្រោងវិនិយោគសាធារណៈ ឆ្នាំ២០២៥ដូចខាងក្រោម៖

ខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៩៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិត្រពាំងស្រង៉ែ ទៅដល់ភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៧៣% ។

ខ្សែទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨ ២០៣ម៉ែត្រ ទទឹង៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ពីក្លោងទ្វារវត្តសេរីដំណាក់ ឃុំត្រពាំងធំជើង ទៅដល់ភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៣២%។

ខ្សែទី៣ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៣៨៥ម៉ែត្រ ទទឹង៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ពីភូមិយាយឡ ទៅដល់ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៧៣%។

ខ្សែទី៤ ជាផ្លូវក្រាលកៅស៊ូ២ជាន់ DBST ប្រវែង ៥ ៤០៦ ម៉ែត្រ ទទឹង៦ម៉ែត្រ និងចិញ្ចើមសងខាង១ម៉ែត្រ ស្ថិតក្នុងឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ជាលទ្ធផលសម្រេចបាន ៧៥%។

ខ្សែទី៥ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)  ប្រវែង ៥ ៧៧៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ចំនុចក្លោងទ្វារវត្តព្រៃជួរ ផ្លូវជាតិលេខ៣ ភូមិព្រៃជួរ ឃុំពពេល ដល់ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៣២%។

ខ្សែទី៦ មានប្រវែង ៥ ៥០០ម៉ែត្រ ទទឹង៦ ម៉ែត្រ តភ្ជាប់ពីភូមិត្នោតជុំ ទៅដល់ភូមិដំណាក់ខ្លុង ឃុំអូរសារ៉ាយ តាមការស្នើសុំរបស់អាជ្ញាធរស្រុកត្រាំកក់ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សិក្សាដើម្បី ស្ថាបនាផ្លូវនេះក្នុងឆ្នាំ ២០២៥ខាងមុខ ។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានណែនាំដល់អ្នកម៉ៅការ ដែលប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់អនុវត្ត ការងារសាងសង់ តាមលក្ខណៈបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវ និងសំណង់ សិល្បការ្យមានគុណភាព ដើម្បីឲ្យប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែង ។ សូមបញ្ជាក់បន្ថែមថា គម្រោងខ្សែច្រវ៉ាក់ ដោយភាតរៈបរិស្ថាន សហការអនុវត្តរួមគ្នា ដោយក្រសួងចំនួន៣ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើនថែមទៀត ។

បន្ទាប់ពីបានចុះពិនិត្យ ការដ្ឋានសាង សង់ផ្លូវរួចមក លោករដ្ឋមន្ត្រី និងប្រតិភូបានបន្តចុះពិនិត្យស្ថាន ភាពស្ពានឈើទ្រុឌទ្រោមមួយកន្លែង ប្រវែង៤០ម៉ែត្រ ដែលប្រជាជនបានរួមសាមគ្គីគ្នាកសាងសម្រាប់ប្រើប្រាស់ឆ្លងកាត់ នៅរដូវវស្សា ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពស្ពាននោះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកបរសេដ្ឋ និងលោកប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ព្រមទាំងមន្ដ្រីបច្ចេកទេស របស់មន្ទីរផងដែរ។

ដោយពិនិត្យឃើញ ស្ថានភាពជាក់ស្ដែង លោករដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ សិក្សាលទ្ធភាព និងពិភាក្សាជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីកសាងស្ពានដែកបេឡេ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។

គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានផ្លូវ និងស្ថានភាពផ្លូវនាឱកាសនោះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃគុណភាព ក៏ដូចជាបច្ចេកទេសសំណង់ ព្រមទាំងអនុវត្តតាមស្មារតីអង្គប្រជុំរវាង៣ក្រសួងគឺក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងធនធានទឹក សំដៅលើកស្ទួយគុណភាព និងគុណតម្លៃជិវិតប្រជាជន នៅតំបន់ជនបទប្រកប ដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕

To Top