ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ (Dmytro SOTNICHENKO) នាយការិយាល័យ អនុព័ន្ធយោធា អ៊ុយក្រែនប្រចាំកម្ពុជា បានស្នើឲ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ច របស់គណៈប្រតិភូកងទ័ពកម្ពុជា-អ៊ុយក្រែន ដើម្បីបង្កើនទំនាក់ទំនង អ៊ុយក្រែន-កម្ពុជា ឲ្យកាន់តែជិតស្និត និងស៊ីជម្រៅថែមទៀត ។

ការស្នើរបស់នាយការិយាល័យ អនុព័ន្ធយោធា អ៊ុយក្រែន ប្រចាំកម្ពុជា បានធ្វើឡើង នៅព្រឹកថ្ងៃទី៩ ឧសភា ក្នុងឱកាសចូល ជួបសម្ដែងការគួរសម ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។

ក្នុងជំនួបនោះ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានលើកឡើង ពីគោលបំណង ក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ យោធារវាងអ៊ុយក្រែន-កម្ពុជា ក្នុងខណៈដែលកងទ័ពអ៊ុយក្រែន កំពុងធ្វើបច្ចុប្បន្នភាព លើប្រព័ន្ធបច្ចេកវិទ្យា ដោយអះអាងថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចសហប្រតិបត្តិការនេះ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពដែលកើតមានក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាព ពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍ លើគ្រប់វិស័យ ។

លោកនាយឧត្តមសេនីយ៍បានរំលឹកថា កម្ពុជា-អ៊ុយក្រែន មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេល៣២ឆ្នាំហើយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ដែលបានជួយបណ្តុះបណ្តាល និស្សិតកម្ពុជា ក្នុងអំឡុងទសវត្សន៍៨០ ដែលជាធនធានមនុស្ស មានសមត្ថភាព ក្នុងការអភិវឌ្ឍកម្ពុជា ដល់បច្ចុប្បន្ន។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានអះអាងថា កម្ពុជានឹងបន្តគាំទ្រសំណើ របស់អ៊ុយក្រែនចូលជាដៃគូ សន្ទនាតាមវិស័យ របស់អាស៊ាន ហើយក្រៅពីនេះ កម្ពុជា ក៏បានផ្តល់ជូនការ បណ្តុះបណ្តាល ក្នុងក្របខណ្ឌ មនុស្សធម៌ដល់អ្នកដោះមីនអ៊ុយក្រែន កាលពីឆ្នាំ២០២៣ កន្លងទៅនៅប្រទេសកម្ពុជា ៕
