ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មាន ក្នុងស្រុកចំនួន២០នាក់ មកពី១០ស្ថាប័ន ចុះស្វែងយល់ អំពីកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ (PIKS) ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការដឹកនាំអ្នកសារព័ត៌មានចុះទៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តកំពង់ស្ពឺនៅពេលនេះគឺមានគោលបំណងឱ្យអ្នកសារព័ត៌មាន បានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបានបច្ចុប្បន្នភាពពីវឌ្ឍនភាព ស្តីពីកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងបង្កើនភាពស្និតស្នាល និងការផ្សារភ្ជាប់អ្នកសារព័ត៌មាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
លោកបន្តថា នៅក្នុងការចុះស្វែង យល់ពីកម្មវិធីនេះដែរ អ្នកសារព័ត៌មានក៏អាចផលិត និងចេញផ្សាយមតិការព័ត៌មាន កាន់តែច្រើនស្តីពី កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស តាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកៀរគរយុវជនគោលដៅ ជាពិសេសយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចុះឈ្មោះចូលរៀន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

លោកបន្ថែមថា កម្មវិធីទស្សនកិច្ចនេះ ក៏មានគោលបំណងឱ្យប្រជាជនទូទៅ ជាពិសេសជនគោលដៅកាន់ តែច្រើនបានដឹងពីសមិទ្ធផលនិងវឌ្ឍនភាព នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលអនុវត្តដោយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនៅទូទាំងប្រទេស។
គូសបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣កន្លងទៅ។

ក្រោយដាក់ឱ្យអនុវត្តកន្លងទៅ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿជាក់ថា នឹងទទួលបាននូវចំណេះជំនាញក្នុងការបំពេញ ទីផ្សារការងារ ក៏ដូចជាកែប្រែសេដ្ឋកិច្ចគ្រួសារ ឱ្យកាន់តែធូរធាផងដែរ ។ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ គឺជាថ្ងៃបើកបវេសនកាលផ្លូវការ នៃវគ្គទី១ទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។ រដ្ឋាភិបាល ក៏សូមលើកទឹកចិត្តដល់ សិក្ខាកាមទាំងអស់ ធ្វើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សា ពីគ្រូជំនាញ និងរក្សានូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» ដើម្បីអនុវត្តអំឡុងពេលសិក្សាជាប់ជាប្រចាំ៕
