ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រាល់ការលើកឡើងរបស់ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំអនុវត្តឲ្យទទួលបានលទ្ធផល កាន់តែល្អប្រសើរថែមទៀត ។
ការថ្លែងរបស់លោក កើត ឆែ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៦០ ដែលជាកិច្ចប្រជុំចុងក្រោយរបស់ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី៩ ឧសភា ។

លោក កើត ឆែ តំណាងលោក ឃួង ស្រេង បានលើកឡើងថា រាល់ការលើកឡើងរបស់ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបំរើឲ្យការអភិវឌ្ឍរាជធានីភ្នំពេញ។

លោកអភិបាលរងគូសបញ្ជាក់ថា ការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌ នាពេលខាងមុខ ដោយសារតែក្រុមអគតិ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នៅធ្វើសកម្មភាពនៅឡើយ។ ចលនាប្រើឆ័ត្រពណ៌លឿងដែលជា សញ្ញាបដិវត្តពណ៌នៅតែមាន ដូច្នេះ មិនត្រូវធ្វេសប្រហែសឡើយ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ បង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ។ ជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបំរើផលប្រយោជន៍ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រធានក្រុមប្រឹក្សាបន្តថា ទោះបីក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ អនុវត្តបាននូវសមិទ្ធផលជាច្រើន គួរឲ្យគត់សំគាល់ក៏ដោយ ក៏ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមានចំណុច សេសសល់មួយចំនួន ដូចជាការអភិវឌ្ឍសមត្ថភាព សមាជិក សមាជិកាក្រុម ប្រឹក្សារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តិនានា ពីថ្នាក់ជាតិដោយសហការជាមួយក្រុមប្រឹក្សាជាតិ រាជធានី ខេត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងការផ្តល់ឱកាសឲ្យមានការចូលរួម ពីប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដែលចាំបាច់ ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជននិងអ្នកពាក់ព័ន្ធនានា៕








