ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទ នៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅ កាន់ការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នាឆ្នាំ២០២៩។

ការតម្រង់ទិសការងារនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ពីឆ្នាំ២០២៤-២០២៨ លើកទី៣ នៅទីស្តីការក្រសួមហាផ្ទៃ ដោយមានការចូលរួមពី លោក-លោកស្រី ជាសមាជិក សមាជិកាសហព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានសហព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំដែលមានការពិនិត្យការងារ ខែមេសា បន្តខែឧសភា ដើម្បីពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកម្មវិធីប្រកួត និងការងារទំនាក់ទំនងអន្តរជាតិរបស់សហព័ន្ធ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា «កិច្ចប្រជុំនៅខែបន្ទាប់ ត្រូវតែផ្ដោតជាអាទិភាពលើការពិនិត្យ ពិភាក្សាអំពីផែនការឆ្ពោះទៅកាន់ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី»។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ជាឱកាសថ្មីមួយទៀតដែលកម្ពុជា ត្រូវបង្ហាញសក្ដានុពលវិស័យកីឡា ក្រោមមនុញ្ញផលសុខសន្តិភាព ដូចដែលបានរៀបចំដោយជោគជ័យ លើព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ ដែលក្នុងនោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក៏ត្រូវតែអភិវឌ្ឍធនធានកីឡាករដើម្បីរួមចំណែកផងដែរ។

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយចាប់ផ្តើមពីឆ្នាំ២០០៩ មកនៅប្រទេសសិង្ហបុរី និងបន្ទាប់មកនៅសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះនឹងរៀបចំលើកទី៤ នៅក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន នាឆ្នាំ២០២៥ មុននឹងរៀបចំជាលើកទី៥ នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៩។

ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា កាលពីកិច្ចប្រជុំលើកទី២ កន្លងទៅ ក៏ធ្លាប់បានផ្ដល់អនុសាសន៍ឱ្យសហព័ន្ធ ត្រៀមលក្ខណៈទាំងទីតាំងស្នាក់នៅ ទីតាំងហ្វឹកហាត់ និងធនធានកីឡាជាយុវជន ចាប់ពីពេលនេះទៅ បើទោះបីជាព្រឹត្តិការណ៍នោះនៅសល់ពេលជាង ៥ឆ្នាំទៀតក៏ដោយ ៕


