ព័ត៌មានជាតិ

ក្រសួងបរិស្ថាន គាំទ្រសកម្មភាព រួមចំណែកឆ្លើយតប នឹងភាពស្អាត នៅក្នុងសង្គមកម្ពុជា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានគាំទ្រយ៉ាងទូលំទូលាយ ចំពោះដៃគូទាំងអស់ ដែលធ្វើការក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបជាពិសេស នឹងភាពស្អាតក្នុង សង្គមកម្ពុជា ដែលផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និង ភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់-អន្តរជាតិ ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាជាមួយ ក្រុមការងារយុវជនបណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងអ្នកសារព័ត៌មាន នៅថ្ងៃ៩ ឧសភា ។

លោកបណ្ឌិត អ៊ាង សុផល្លែត បន្ថែមថា យុទ្ធសាស្ត្រភាពស្អាត មានចែងក្នុងយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ។ កន្លងមកក្រសួង បានដាក់ចេញយុទ្ធនាការ ភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក ។ ចំពោះភាពស្អាតលើផ្ទៃដី គឺភាពស្អាត ដែលកើតចេញពីសណ្តានចិត្ត របស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សចំនួន ៨លាននាក់ចូលរួមយ៉ាងក្លៀវក្លា ក្នុងយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីលើកឡើងដែរថា យុទ្ធនាការបានបណ្តុះ គំនិតឲ្យកុមារស្រឡាញ់បរិស្ថាន និងបានបង្កើតភាព ស្អាតនេះ មិនត្រឹមតែធ្វើឲ្យខ្លួនឯងស្អាត ឬការស្អាតចេញពីក្នុងខ្លួននោះទេ ប៉ុន្តែធ្វើឲ្យខាងក្រៅខ្លួន មានភាពស្អាតបន្ថែមទៀត គឺធ្វើឲ្យសង្គមស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត ។

លោករដ្ឋមន្រ្តីថា នៅពេលនេះ យុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា បានទទួលជោគជ័យ គឺជាមោទកភាពរបស់កម្ពុជា ។ យុទ្ធនាការបានឈានដល់ ជំហានទី២ ដែលជំរុញ ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ សម្រេចចិត្តចេញមកសម្អាតផ្ទះ ភូមិឋាន ការរៀបចំបែងចែកសំរាម និងទុកដាក់សំរាម ទៅតាមប្រភេទសំរាម។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីភាពស្អាត ឲ្យបានច្រើនឡើងថែមទៀត ជាពិសេសជំរុញការចូលរួមចំណែក លុបបំបាត់សំណល់ប្លាស្ទិក ការសំអាត់អនាម័យបរិស្ថាន រួមទាំងការទុកដាក់សំរាមបានត្រឹមត្រូវ នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ។

លោកបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រ ច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០» ដែលនោះហើយ គឺធ្វើឲ្យកម្ពុជាបង្ហាញភាព ស្អាតលើឆាកអន្តរជាតិ រួមមាន ៖ ភាពស្អាត របស់កម្ពុជាជាមួយដៃគូ ភាពស្អាត របស់កម្ពុជា ក្នុងតំបន់ និងភាពស្អាតរបស់កម្ពុជា លើសកលលោក ។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំបង្កើតនិងដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោលើមុំយុទ្ធសាស្រ្តអាទិភាព ចំនួន៣ គឺ ស្អាត បៃតង និងចីរភាព ក្នុងគោលបំណង ប្រែក្លាយ សក្តានុពលវិស័យបរិស្ថាន ឲ្យទៅជាឧត្តមប្រយោជន៍ ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់៕

To Top