ព័ត៌មានជាតិ

ចាប់ខ្លួនប្រធាន គណបក្សកម្លាំងជាតិ ពាក់ព័ន្ធផ្សព្វផ្សាយព័ត៌មាន ទម្លាក់កំហុស លើរាជរដ្ឋាភិបាល ពីការចែកប័ណ្ណក្រីក្រ ជូនពលរដ្ឋថា មានភាពលម្អៀង

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ក្រោយពាក់ព័ន្ធនឹងដំណើររឿងបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» កាលពីថ្ងៃ៩ ឧសភា ដោយសារបុគ្គលរូបនេះ បានផ្សព្វផ្សាយព័ត៌មាន លើបណ្តាញសង្គម ទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋថា មានការលម្អៀង និងរើសអើង។

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងយុត្តិធម៌នាថ្ងៃ៩ ឧសភា បន្ទាប់ពីការចាប់ខ្លួន បុគ្គលខាងលើកនោះ បានឲ្យដឹងថា “ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាព វឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ដោយសារបុគ្គលរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ទម្លាក់កំហុសដោយ អសុទ្ធចិត្តទៅលើ រាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋថា មានការលម្អៀង និងរើសអើង ព្រមទាំងបានមូល បង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ”។

អ្នកនាំពាក្យបន្ដថា ការចាប់ខ្លួនធ្វើឡើង តាមដីកាបញ្ជា ឲ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ៧ ឧសភា ពុំមែនគ្មានដីការ ដូចអ្នកលើកឡើងទេ ។ ការចាប់ខ្លួនស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ ដែលប្រព្រឹត្តបទល្មើស គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ ហើយការអនុវត្តច្បាប់នេះត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយ ស្មើភាពគ្នា ដោយមិនមានបុគ្គលណាម្នាក់ អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស, អង្គការសង្គមស៊ីវិល ឬគណបក្ស នយោបាយណាមួយ ដើម្បីរួចផុត ពីការទទួលខុស ត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌ ដែលខ្លួនបានប្រព្រឹត្ត នោះទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ បុគ្គលគ្រប់រូបមានសិទ្ធិពេញ លេញតាមផ្លូវច្បាប់ ក្នុងការការពារខ្លួន តាមផ្លូវតុលាការ ដោយរួមទាំងសិទ្ធិក្នុងការពឹងពាក់មេធាវី ។ រីឯការសម្រេចយ៉ាងណា គឺអាស្រ័យទៅលើការស៊ើបអង្កេត របស់តុលាការ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ។

ចំពោះគណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍អំពីការចាប់ខ្លួននេះ ដោយប្រើពាក្យ «ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ ដោយស្ថាប័នមាន សមត្ថកិច្ចបែបនេះ លោកថា គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួល យកបានឡើយ ហើយគណបក្សនេះគប្បីពិនិត្យពិចារណាឡើងវិញ ក្នុងការប្រើប្រាស់ពាក្យ ពេចន៍សមស្រប ដើម្បីធានាបាននូវធម្មានុរូបភាព ជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ៕

To Top