ភ្នំពេញ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការ១នាក់ ពីបទរំលោភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនពួកគាត់ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃ៩ ឧសភា ។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំង អំពើពុករលួយបានឲ្យដឹងថា ACU បានឃាត់ខ្លួនអ្នកទាំង៣កាលពីថ្ងៃទី៧ ឧសភា ក្រោយពួកគេបានសហការគ្នារត់ការ មនុស្សចូលក្របខណ្ឌរដ្ឋ ក្នុងឆ្នាំ២០២៣ និងបន្តមកដល់ខែឧសភា ឆ្នាំ២០២៤ ។
ជនសង្ស័យទាំង៣មានឈ្មោះ នង រុន , ស៊ុន ពេជ្រសុម៉ាលី , ហ៊ុយ ពិសិដ្ឋ បានប្រពឹត្តមានការរៀបចំសញ្ញាប័ត្រក្លែងក្លាយ និងការរត់ការមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងនានា ដោយទទួលបានប្រាក់ពី ១១.០០០ ដុល្លារ ទៅ១៦.០០០ ដុល្លារ ៕