ព័ត៌មានជាតិ

សិស្សរៀនជំនាញវិជ្ជាជីវៈ បច្ចេកទេស ៖ ការដឹកនាំអ្នកសារព័ត៌មាន ចុះយកព័ត៌មានផ្ទាល់ នៅតាមវិទ្យាស្ថាន បណ្តុះបណ្តាល គឺជារឿងចាំបាច់

ភ្នំពេញ ៖ សិស្សដែលកំពុងសិក្សា ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ លើកឡើងថា ការដឹកនាំអ្នកសាព័ត៌មាន ចុះមកទស្សនកិច្ចផ្ទាល់ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេស គឺជារឿងចាំបាច់ ដើម្បីអ្នកសារព័ត៌មានស្វែង យល់កាន់តែច្បាស់ និងដើម្បីផ្សព្វផ្សាយព័ត៌មាន បានយ៉ាងទូលំទូលាយ អំពីកម្មវិធីបណ្តុះបណ្តាលជំ​នាញវិជ្ជាជីវៈ និងបច្ចេកទេសនេះទៅកាន់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS) ។

យុវជន សម្បត្តិ ឈាំង ជាសិស្ស នៃកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លើកឡើងថា ៖ «ខ្ញុំគាំទ្រពីការដឹកនាំអ្នកសារព័ត៌មាន ជាច្រើននាក់មកកាន់ វិទ្យាស្ថាន បណ្តុះបណ្តាលរបស់ខ្ញុំនៅពេលនេះ ពីព្រោះអ្នកសារព័ត៌មាន អាចផលិតមាតិកាល្អៗ អំពីការបណ្តុះបណ្តាលជំនាញរបស់សាលាខ្ញុំ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន»។

យុវជន សម្បត្តិ ឈាំង សិក្ខាមនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ

យុវជនរូបនេះបន្ថែមថា ការផ្សព្វផ្សាយព័ត៌មាន អំពីការការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់ណាស់ ពីព្រោះការផ្សព្វផ្សាយគឺ ជាវិធីសាស្រ្តមួយក្នុងការកៀរគរ យុវជនគោលដៅ ក៏ដូចជាពលរដ្ឋ ឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះឱ្យបានច្រើន ។ លើសពីនេះទៅទៀត អ្នកសារព័ត៌មាន អាចផលិតវីដេអូសំខាន់ៗនៃការបណ្តុះបណ្តាល ដើម្បីឱ្យសាធារណជនឃើញ ពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាល ជំនាញបច្ចេកទេសនេះ។

ដោយឡែកយុវជន មុយ សៀងហៃ ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ក៏បង្ហាញអារម្មណ៍ដែរថា ៖ «រីករាយដែលបានឃើញអ្នកសារព័ត៌មាន ជាច្រើននាក់ចុះមកយកព័ត៌មាន ផ្ទាល់នៅវិទ្យាស្ថានរបស់ខ្ញុំ ពីព្រោះអ្វីដែលវិទ្យាស្ថានខ្ញុំបាននឹង កំពុងចូលរួមយ៉ាងសំខាន់លើការបណ្តុះបណ្តាល ធនធានមនុស្សនៅតំបន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើបណ្តាញសារព័ត៌មាន និង ប្រព័ន្ធអ៉ីនធើណែត»។

យុវជន មុយ សៀងហៃ សិក្ខាកាមវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ

យុវជនរូបនេះសង្ឃឹមថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល នឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់ពីអ្នកសារព័ត៌មាន បានចុះផ្ទាល់មកកាន់ វិទ្យាស្ថាន បណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារ នឹងបន្តរៀបចំការដឹកនាំអ្នក សារព័ត៌មាន ចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀន ជំនាញឱ្យបានច្រើន ។

ទន្ទឹមនឹងការទទួលបានជំនាញ មួយពិតប្រាកដប្រចាំជីវិត តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះដែរ សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ អំពាវនាវ និងលើកទឹកចិត្តដល់យុវជនដទៃទៀត ដែលពុំទាន់មានជំនាញច្បាស់លាស់ សូមកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មាន នៃការសិក្សាផ្ទាល់ និងចុះឈ្មោះចូលរៀនជំនាញ ដែលខ្លួនពេញចិត្តនៅវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលនៅក្នុងតំបន់ខេត្ត ក្រុងរបស់ខ្លួនរស់នៅ ព្រោះនេះជាឱកាសដ៏ពិសេសក្នុងការសិក្សាមិនគិតថ្លៃ និងជាស្ពានសម្រាប់ការផ្លាស់ប្តូរជីវិត និងជួយលើកស្ទួយជីវភាព គ្រួសារក្រោយសិក្សាចប់តែម្តង ។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថាន បាននឹងកំពុងបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចិញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។

សម្រាប់ព័ត៌មាននៃការចុះឈ្មោះសិក្សា សូមទំនាក់ទំនងផ្ទាល់មកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ​ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥​ ៨៩៨ / ០៩៨ ៤០៤ ៣៤៣ រឺតាមរយៈ Facebook Page: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (https://www.facebook.com/pikspeu)​ រឺទូរស័ព្ទមកលេខ៖ ១២៩៧​ រឺ ១២៨៦ ៕

To Top