ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាចប់អាណត្តិ បានឯកភាពគ្នាលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ឱ្យបានជាក់លាក់ ។

ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះវត្តមាន ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចូលជួប ដើម្បីសម្តែងការគួរសម និងជម្រាបលា។

លោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់នគរបាលជាតិកម្ពុជា បានផ្តល់កិច្ចសហការជាមួយកងកម្លាំង អនុវត្តច្បាប់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដែលមានក្រុមការងារ Task Force ជាយន្តការដឹកនាំ សម្រេចបានលទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ ទន្ទឹមនោះ ក៏ថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា បានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់បុគ្គលិគស្ថានទូត ក៏ដូចជានិវេសនដ្ឋានទូត ព្រមទាំងពលរដ្ឋអាមេរិក ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត ក៏បានកោតសរសើរ និងថ្លែងអំណរគុណ អំពីការមើលឃើញពីភាពជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែង របស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក៏បានឯកភាពគ្នា ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ឲ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប ពិសេសធ្វើការកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះផងដែរ។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានឯកភាពគ្នាពាក់ព័ន្ធ និងការបង្កើតកិច្ច សហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើស ដោយផ្តោតទៅលើការ បណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញ ដែលពាក់ព័ន្ធដល់មន្ត្រី នគរបាលជាតិកម្ពុជា ដោយចំណុចនេះ ភាគីអាមេរិក នៅតែបន្តជួយគាំទ្រ បណ្តុះបណ្តាល ដល់មន្ត្រីនគរបាលជាតិកម្ពុជា ទាំងវគ្គបណ្តុះបណ្តាល ក្នុងប្រទេស និងក្រៅប្រទេស ដែលផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកផងដែរ៕




