ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ជឿជាក់ថា កម្លាំងនគរបាល នឹងបន្ដអភិវឌ្ឍខ្លួន ឱ្យកាន់តែល្អ ប្រសើរថែមទៀត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជឿជាក់ថា កងកម្លាំង នគរបាលទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចនូវ បេសកកម្មដ៏ថ្លៃថ្លា ជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករ បម្រើប្រជាពលរដ្ឋ។

តាមសារលិខិតជូនពររបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួប អនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ឧសភា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម របស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ បទបញ្ជា វិធានការនានា ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាស្រ័យដោយសភាពការណ៍បត់បែន ប្រកបដោយហានិភ័យ របស់ពិភពលោក ដែលកំពុងប្រឈមនឹង បញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែង ឧត្តមភាពយោធា សង្គ្រាមនៅ តាមតំបន់ ជម្លោះជាតិសាសន៍ ក៏ដូចជានិន្នាការកើនឡើង នៃសកម្មភាពបទឧក្រិដ្ឋកម្មឆ្លងដែន នាំឱ្យព្រះរាជាណាចក្រកម្ពុជា មិនអាចមើលរំលងចំពោះឥទ្ធិពលអវិជ្ជមានទាំងនោះ គួបផ្សំនឹងបញ្ហាមួយ ចំនួន ដែលមិនទាន់ដោះស្រាយ ពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាពេលកន្លងមក ជាហេតុ ធ្វើឲ្យសភាពការណ៍ នាពេលខាងមុខ អាចនឹងលេចឡើង នូវហានិភ័យមួយចំនួនមិនអាចប៉ាន់ស្មានបាន ដែល ទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវបន្តលើកកម្ពស់ស្មារតី ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងខិតខំបំពេញ ភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋ ដោយភក្ដីភាព។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា កងកម្លាំង នគរបាលទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួនឲ្យកាន់ តែល្អប្រសើរថែមទៀត ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្លា ជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យនិងគ្រប់កាលៈទេសៈ»៕

To Top