ព័ត៌មានជាតិ

វិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ប្តេជ្ញាជួយដល់យុវជន ក្នុងមូលដ្ឋានឲ្យមានជំនាញ និងការងារច្បាស់លាស់ ក្នុងជីវិត តាមអភិក្រម «រៀនចេះ រៀនចប់ មានការងារធ្វើ»

ភ្នំពេញ ៖ ស្ថិតនៅក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគ្រឹះស្ថានដ៏ធំមួយ ដែលកំពុងបណ្តុះ​បណ្តាល ​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រហូតដល់១៩មុខជំនាញ ទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេសយុវជន ​ដែល​មកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈ «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលរាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​​អនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក​ ។

ស្របទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញ ពីជាង៤០០ក្រុមហ៊ុន រោងចក្រ​ សហគ្រាសទូទាំងខេត្តកំពង់ស្ពឺ​ នាពេលបច្ចុប្បន្ននេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បាននឹង កំពុងសម្រេច បាននូវការផលិតធនធាន ​មនុស្ស​ប្រកប​ដោយ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ទៅ ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងនោះផងដែរ។

នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លោក កែម ជាក់នី បានបង្ហាញពីចក្ខុវិស័យថា គោលដៅ​ដែលវិទ្យាស្ថានចង់ផ្តល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈនោះ គឺប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេស​យុវជន​ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យតែម្តង ពោលគឺផ្តល់ឱកាសដល់ អ្នកដែលបាន​បោះបង់​ការសិក្សា អ្នកពុំទាន់មានជំនាញច្បាស់លាស់​ និងអ្នកពុំទាន់មានការងារធ្វើ។

លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ

នាយកវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្តេជ្ញាថា នឹងជួយដល់សិស្សទាំងអស់ មិនត្រឹមតែទទួល​បាននូវ​ជំនាញពិតប្រាកដមួយប៉ុណ្ណោះទេ តែថែមទាំងជួយដល់សិស្សទទួលបានការងារ​ធ្វើក្រោយរៀនចប់​ទៀតផង ស្របទៅតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ  «រៀនចប់ រៀនចេះ មានការងារធ្វើ» ។  ជាក់ស្តែង នៅក្នុងជំហានទី១ នៃការសិក្សា «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលមានសិស្ស សរុបចំនួន ៤១៨នាក់ (ក្នុងនោះ សិស្សស្រីចំនួន ៦៣នាក់) បានបញ្ចប់ការ សិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជំនាញ​ក្នុង​វិទ្យាស្ថាន​រយៈពេល​៤ខែ​រួចមកហើយ និងកំពុងចុះហាត់ការផ្ទាល់នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស មុននឹងចេញ​ប្រកប​ការងារ​ទៅតាមជំនាញរបស់ពួកគេ ដែលអាចទទួលបានប្រាក់ចំណូលចន្លោះពី ៣០០ដុល្លារ ដល់ជាង​៨០០ដុល្លារអាមេរិកក្នុងមួយខែ។

យុវជន នេន ដា ជាសិស្សជំនាញជួសជុលរថយន្ត និងកំពុងហាត់ការលើជំនាញ សិក្សារបស់ខ្លួន និយាយទាំងទឹកមុខញញឹម និងក្តីសង្ឃឹមថា៖ «ខ្ញុំប្តេជ្ញារៀនឲ្យចប់ ឲ្យចេះ​ និងមានការងារធ្វើ» ។​ យុវជនរូនេះ
បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះការទទួល បានឱកាសសិក្សាលើជំនាញ ដែលខ្លួនស្រឡាញ់ ដោយមិន​មាន​ការបង់ថ្លៃ និងទទួលបានការយកចិត្តទុកជា ខ្លាំងពីគ្រូបណ្តុះបណ្តាល​ នៅវិទ្យាស្ថានពហុ​បច្ចេក​ទេស​ខេត្តកំពង់ស្ពឺ។

យុវជន នេន ដា សិស្សជំនាញជួសជុលរថយន្ត

ទន្ទឹមនេះ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សូមអំពាវនាវ និងលើកទឹកចិត្តដល់យុវជនផ្ទាល់ និង ក្រុមគ្រួសារ​ដែលមាន​កូនចៅពុំទាន់​មានចំណេះ​ជំនាញ​ណាមួយច្បាស់លាស់នោះទេ សូមជួយជម្រុញពួកគាត់​ឲ្យមកចុះឈ្មោះសិក្សាលើជំនាញណាមួយ ក្នុងចំណោម​ជំនាញ​ទាំង១៩ ដែលវិទ្យាស្ថានបានត្រៀមជាស្រេច​ ក្នុងការបណ្តុះបណ្តាលដល់ពួកគាត់ ។ នេះជាឱកាសពិសេសណាស់ តាមរយៈ «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» របស់រាជរដ្ឋាភិបាល​នាពេលនេះ គឺយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនបង់ថ្លៃសិក្សានោះទេ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលពីរាជរដ្ឋាភិបាលថែមទៀត ចំណែកយុវជន និងពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៥ឆ្នាំដល់៦០ឆ្នាំ ក៏អាចចូលសិក្សាដោយមិនគិតថ្លៃនោះដែរ។ បន្ថែមពីនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏ផ្តល់ជូនកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រ ខ្វះមធ្យោបាយធ្វើដំណើរ និងមានទីលំនៅឆ្ងាយទៀតផង។

សូមបញ្ជាក់ថា មុខជំនាញទាំង១៩ ដែលវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្តល់ការបណ្តុះបណ្តាល​ក្នុង​ជំហាន​ទី២នេះ រួមមាន៖

១. ការងារកំបោរ
២.​ ការដំឡើងបណ្តាញបំពង់ទឹក
៣. ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ
៤. ការដំឡើងពុម្ភ
៥.​ ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព
៦. ការផ្សារអគ្គិសនី
៧. ការថែទាំ និងជួសជុលរថយន្ត
៨.ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត
៩.ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត
១០. សេវាកម្មធនធានមនុស្ស
១១. សេវាកម្មកុំព្យូទ័រ
១២.សេវាកម្មអតិថិជន
១៣. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ
១៤.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
១៥.ធុរកិច្ចភេសជ្ជៈ
១៦.ការធ្វើម្ហូបខ្មែរ
១៧.ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត
១៨.ការចិញ្ចឹម និងថែទាំត្រីប្រា
១៩.ការកែច្នៃបន្លែ និងផ្លែឈើ

សម្រាប់ការចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គសិក្សា សូមទំនាក់ទំនងផ្ទាល់មកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ​ ស្ថិតក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ឬតាមរយៈលេខទូរស័ព្ទ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥​ ៨៩៨ / ០៩៨ ៤០៤ ៣៤៣ ឬតាមរយៈ Facebook Page: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ​ រឺទូរស័ព្ទមកលេខ៖ ១២៩៧​ រឺ ១២៨៦។ សម្រាប់ការចុះឈ្មោះតាមថ្នាលឌីជីថល អាចចូលតាមរយៈ កម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh៕ (http://www.tvet.gov.kh/)

To Top