ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត សំណូមពរ កងកម្លាំងនគរបាលជាតិ បន្តបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្តូរផ្តាច់ការពាររាជរដ្ឋាភិបាល

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់កងកម្លាំង នគរបាលជាតិទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែង បំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពអត់ធ្មត់។

តាមរយៈសារលិខិតជូនពររបស់ នាយឧត្តមសេនីយ៍ ស ថេត ផ្ញើជូនកងកម្លាំង នគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ឧសភា នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវីរភាព ដ៏អង់អាចក្លាហាន ដែលបង្កើតបានស្នាដៃប្រកបដោយមោទនភាពរបស់កងកម្លាំងនគរបាលជាតិ និងគាំទ្រ លើកទឹកចិត្តដល់កងកម្លាំង នគរបាលជាតិទាំងអស់ បន្តនូវស្មារតី និងឆន្ទៈមុតស្រួចរបស់ខ្លួន ដើម្បីឧត្តមប្រយោជន៍ជាតិ និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិយើងឆ្ពោះ ទៅកាន់ការអភិវឌ្ឍ និងសេចក្តីចម្រុងចម្រើន ប្រកបដោយ សុខុមាលភាព និងវិបុលភាព ដែលយុទ្ធសាស្ត្រប្រកប ដោយអាទិភាពនេះ នឹងអាចសម្រេចជោគជ័យទៅបាន ល្គឹកណាមានការចូលរួម អនុវត្តប្រកបដោយប្រសិទ្ធភាពពីគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបរិស្ថានគ្រប់ដណ្តប់ និងជាបុព្វបទស្នួល ដែលមន្ត្រី នគរបាលជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ជាតួអង្គប្រតិបត្តិករទទួលខុសត្រូវ ចំពោះភារកិច្ចដ៏ថ្លៃថ្លា និងវិសេសវិសាលនេះ។

ក្នុងន័យដ៏មានសារៈសំខាន់ដូចពោលខាងលើនេះ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមប្រកបដោយ សុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំចំពោះឆន្ទៈ មនសិការស្នេហាជាតិ និងភក្ដីភាព ចំពោះជាតិមាតុភូមិ របស់បងប្អូន និងសំណូមពរដល់កងកម្លាំង នគរបាលជាតិទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៍ និងវិជ្ជាជីវៈខ្ពស់»៕

To Top