ព័ត៌មានជាតិ

កម្មវិធីបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ គឺជាស្ពានបន្តក្តីស្រមៃ យុវជន ក្នុងការវិលត្រលប់ មកកាន់ការសិក្សា

ភ្នំពេញ ៖ លោក កែម ជាក់នី នាយកវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ លើកឡើងថា កម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់យុវជនដែលមានជីវភាពក្រីក្រ អាចបន្តក្តីស្រមៃ ក្នុងការសិក្សា អភិវឌ្ឍសមត្ថភាពជំនាញ ដើម្បីមានឱកាសក្នុងការប្រគួត ប្រជែងក្នុងទីផ្សារការងារ ដែលមានស្រាប់ ។

នាយកវិទ្យាស្ថានរូបនេះថា៖« ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះគឺជាឱកាសល្អណាស់ សម្រាប់យុវជនដែលមានជីវភាពក្រីក្រ ពួកគេរៀនជំនាញ ដោយឥតគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់សិក្សាចប់ មានឱកាសក្នុងការរកការងារធ្វើល្អ ទទួលបានប្រាក់ចំណូល សមរម្យបន្ទាប់ពីសិក្សាចប់»។

លោកបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជន ដូច្នេះពួកគេត្រូវចាប់យកឱកាសមាសនេះឱ្យបានពីព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ បានជួយជ្រោមជ្រែងសិស្សទាំងឡាយណា ដែលបញ្ចប់ការសិក្សា ដូចជាមានការរៀបចំក្រុមហ៊ុនចុះហាត់ការ និងការផ្តល់ឱកាសការងារ តាមក្រុមហ៊ុនឯកជនជាច្រើនទៀត។ លោកបានអំពាវនាវឱ្យយុវជនមកចុះឈ្មោះចូលរៀនជំនាញឱ្យបានគ្រប់ៗគ្នា ធ្វើយ៉ាងណាយុវជនម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិច។

ដោយឡែកលោក រៀម សុភា គ្រូបច្ចេកទេសនៅវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា៖«ក​ម្មវិធីបណ្តុះបណ្តាលបច្ចេកទេស របស់រាជរដ្ឋាភិបាលនេះអាចប្រែក្លាយយុវជន ដែលប្រើកម្លាំងក្នុងការធ្វើការ មកជាយុវជនដែលប្រើជំនាញធ្វើការវិញ។ វាក៏ប្រែក្លាយយុវជនដែលគ្មានជំនាញ មកមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីឈានជើងចូលក្នុងទីផ្សារការងារដែលមានស្រាប់»។

លោកបន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេស បានចុះមូលដ្ឋានផ្ទាល់ ដើម្បីគៀគរយុវជនមកចុះឈ្មោះចូលរៀនជំនាញនេះ ហើយភាគច្រើននៃយុវជន គឺធ្វើការដោយប្រើកម្លាំង ហើយគ្មាន ជំនាញ ដូច្នេះការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាការផ្តល់ឱកាសយ៉ាង សំខាន់ក្នុងការឱ្យពួកគេងាកមកសិក្សាចាប់យកជំនាញ ពិតប្រាកដមួយដើម្បីអាចទទួលបានចំណូល សមរម្យជាងការងារដែលគ្មានជំនាញ។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថាន បាននឹងកំពុងបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញ បំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចិញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ ៕

To Top