ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានបញ្ចប់ការ សាងសង់ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល និងដាក់ឱ្យដំណើរ ការជំហានដំបូង ១១៥ គីឡូវ៉ុល ពីអនុស្ថានីយទី៤ (GS4) ព្រៃទទឹង ផ្លូវជាតិលេខ៣ មក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ នៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដែលត្រូវផ្គត់ផ្គង់ មកក្រុងច្បារមន មានតម្រូវការប្រមាណជាង ៨០ មេហ្គាវ៉ាត់ ដែលពីមុនត្រូវទទួលការផ្គត់ផ្គង់ តាមខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុលចាស់ពី អនុស្ថានីយវារីអគ្គិសនីគិរីរម្យ មករាជធានីភ្នំពេញ ដែលបានសាងសង់តាំងពីឆ្នាំ២០០០ ។

ខ្សែបញ្ជូនចាស់នេះ មាន លទ្ធភាព បញ្ជូនអគ្គិសនី បានប្រមាណ ៥០មេហ្គាវ៉ាត់ ដែលទទួលរងបញ្ហាលើសបន្ទុក ជាញឹកញាប់ នៅពេលទទួល ថាមពលពីភ្នំពេញ ហើយត្រូវយកប្រភពពីទីតាំងផ្សេងមកបន្ថែម ជាពិសេសនៅរដូវប្រាំងដែលវារីអគ្គិសនីគិរីរម្យទាំង២ កម្លាំងសរុប ៣០ មេហ្គាវ៉ាត់មិនដំណើរការពេញ ហើយត្រូវយកប្រភពពីទីតាំងផ្សេងមកបន្ថែម។ ដូចនេះចាប់ពីពេលនេះតទៅមុខ ក្រុងច្បារមន នឹងលែងមានបញ្ហា ខ្វះប្រភពផ្គត់ផ្គង់អគ្គិសនីទៀតហើយ ដោយខ្សែបញ្ជូនថ្មីនេះមានលទ្ធភាពបញ្ជូនអគ្គិសនីបានប្រមាណ ៣០០ មេហ្គាវ៉ាត់ លើខ្សែបញ្ជូនអគ្គិសនីចាស់៦ដង។

ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ថ្មីនេះ ត្រូវបានសម្រេចឱ្យសាងសង់ក្នុងឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម កែវ រតនៈ ដែលជាអគ្គនាយកអគ្គិសនីកម្ពុជា នៅពេលនោះ ។ ប៉ុន្តែជាមួយនឹងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល តាមគន្លងខ្សែបញ្ជូនអគ្គិសនី មានរយៈពេលយូរ ទើបនៅដើមខែឧសភា ឆ្នាំ២០២៤ នេះ អគ្គិសនីកម្ពុជា អាចដាក់ឱ្យដំណើរការខ្សែបញ្ជូនអគ្គិសនីនេះ បានដោយជោគជ័យ។ ជាមួយគ្នានេះ ជំនាញអគ្គិសនីកម្ពុជា នឹងខិតខំកែតម្រូវលក្ខណៈបច្ចេកទេសមួយចំនួនបន្ថែមទៀត ដើម្បីឱ្យការផ្គត់ផ្គង់ កាន់តែមានប្រសិទ្ធភាព និងស្ថិរភាព ព្រមទាំងមានផែនការសាងសង់ អនុស្ថានីយថ្មីៗបន្ថែមទៀត នៅក្នុងគន្លងខ្សែបញ្ជូនអគ្គិសនី ដើម្បីចូលរួមចំណែកជួយដល់អ្នកវិនិយោគទុន ដែលកំពុងសាងសង់ រោងចក្រឧស្សាហកម្មជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ផងដែរថា ក្រៅពីអនុស្ថានីយច្បារមននេះ ខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះត្រូវបានផ្គត់ផ្គង់ពីអនុស្ថានីយទី៤ ព្រៃទទឹង អនុស្ថានីយទី៦ ឧត្តុង្គ អនុស្ថានីយទឹកផុស និងអនុស្ថានីយគិរីរម្យ ដែលមានតម្រូវការសរុបទូទាំងខេត្តប្រមាណជិត ២០០ មេហ្គាវ៉ាត់។

បន្ថែមពីនេះ អគ្គិសនីកម្ពុជាសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ ដែលបានចូលរួមសហការជាមួយអគ្គិសនីកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់ តាមគន្លងខ្សែបញ្ជូនអគ្គិសនី ដែលបានរួមចំណែកលះបង់ដីធ្លី និងព្រមទទួលយកសំណងសមរម្យ ដើម្បីឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិមួយនេះ ទទួលបានជោគជ័យ ឈានទៅផ្គត់ផ្គង់អគ្គិសនី បានគ្រប់គ្រាន់ហើយកាន់តែមានស្ថិរភាពនិងគុណភាពល្អជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនក្នុងខេត្តកំពង់ស្ពឺទាំងមូល ៕














