ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់​ រឹបអូស​គ្រឿងញៀន ជិត​៦០​គីឡូក្រាម ​និងអាវុធមួយចំនួន

ភ្នំពេញ៖ កម្លាំង​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះឆែកឆេរថយន្តមួយគ្រឿង តាមពាក្យបណ្តឹង របស់ម្ចាស់រថយន្ត ដែលជួលឱ្យគេ តែមិនបានថ្លៃឈ្នួលជាច្រេីនថ្ងៃ​ ដោយបានរកឃើញអាវុធវែងខ្លី៧ដេីម គ្រាប់មួយចំនួន និងឈានដល់ឃាត់ខ្លួន ជនសង្ស័យជនជាតិចិនម្នាក់ ជាមួយគ្រឿងញៀនជាង៥០គីឡូក្រាម​។

យោងតាមរបាយការណ៍ ស្នងការនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ផែនការងារសន្តិសុខ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡុច សុខលៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះមកដល់ទីតាំង ខាងលើ និងបានពិនិត្យ ទទួលបានលទ្ធផល ដូចខាងក្រោម ៖នៅក្នុងរថយន្តមួយម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 បានរកឃើញសម្ភារៈបទល្មើសមួយចំនួនដូចជា វ៉ាលី ពណ៌ខ្មៅ ចំនួន ១ ក្នុងនោះឃើញមាន អាវុធសរុបចំនួន ៧ដើមនិង​គ្រាប់​ជាច្រើន​។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ ឆែកឆេររួច ក្រុមការងារបានសម្រេចអញ្ជេីញម្ចាស់រថយន្តឈ្មោះ វិត សុភ័ក្រ្ត ទៅបំភ្លឺនៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងសម្រេចដកហូតវត្ថុតាង រថយន្តនិងសម្ភារ ដែលបានរកឃើញក្នុងរ ថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។

ក្រោមការដឹកនាំចង្អុលបង្ហាញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លុច សុខលៀង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូង ខេត្ដព្រះសីហនុ ផែនការងារសន្ដិសុខ សហការជាមួយ និងកម្លាំងផែនការងារ ប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវ និងបង្រ្កាបករណី កាន់កាប់អាវុធខុសច្បាប់ និងផលិត ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ១កន្លែង ប្រព្រឹត្ដនៅចំណុច សណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេតព្រះសីហនុ ឃាត់ខ្លួនជន សង្ស័យ១នាក់ ជនជាតិចិន ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ជមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣ សង្កា ត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

ការឃាត់ខ្លួនជនជាតិចិនខាងលេីនេះ ក៏រកឃេីញវត្ថុតាងដកហូតរួមមាន សារធាតុញៀនចម្រុះទម្ងន់សរុប ៥៨១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹងជាង៥៨គីឡូក្រាម​។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ បានចាត់នីតិវិធីបញ្ជូនទៅព្រះអាជ្ញា អមសាលាដំបូង ខេត្តព្រះសីហនុបន្ត៕

To Top