ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបជុំគ្នា ដើម្បីប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះគម្រោងជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណន-តេជោ” ដែលផ្តល់អត្ថប្រយោជន៍ ធំធេង ចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរ ទាំងមូល។
ការជួបជុំគ្នានេះ ដឹកនាំដោយលោក ឃួង ស្រេង នៅសាលារាជធានីភ្នំពេញ ដែលមានមន្ត្រីចូលរួមប្រមាណ៤០០នាក់។
លោក ឃួង ស្រេង បានលើកឡើងថា គម្រោង “ព្រែកជីកហ្វូណន-តេជោ” មិនមែនជាទ្រព្យសម្បត្តិ របស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ។ “ព្រែកជីកហ្វូណន-តេជោ” ជាទ្រសម្បត្តិមហាសាលសំរាប់កម្ពុជា ហើយព្រែកជីកនេះ ក៏មិនប៉ះពាល់ដល់ផល ប្រយោជន៍អ្នកដ៏ទៃដែរ ។ មានព្រែកជីកហ្វូណន-តេជោ ទំនិញនឹងមានការប្រកួតប្រជែងជាអន្តរជាតិ ។ ក្នុងនាមមន្ត្រីរាជការយើងគាំទ្រ យ៉ាងពេញ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីឲ្យក្លាយជាចលនាឯកភាពជាតិតែមួយ ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នាដៃនិងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោឲ្យសម្រេចបាននាពេលអនាគត ។
គម្រោងព្រែកជីកហ្វូណន-តេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០ គីឡូម៉ែត្រ ។ ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់កម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូន ពេលវេលា ខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាការកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជា ទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ៕