ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍ក្រុមហ៊ុនកូរ៉េ ចំពោះគម្រោងវិនិយោគ លើការទាញយក ថាមពលអគ្គិសនី តាមរយៈកែច្នៃសំរាម

" "

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុនកូរ៉េ និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគ លើការទាញយក ថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកបណ្ឌិត កុល ផេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

" "

ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោង ស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះ ដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពី លោកឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួន។

" "

តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះ ក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យា ដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើត ថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន ។

ឆ្លើយតបក្នុងអង្គប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគ លើការទាញយក ថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និង ស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មាន លម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាល សម្របសម្រួលអនុវត្តនីតិវិធីបន្ត៕

To Top