ភ្នំពេញ ៖ អគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានបង្ហាញ ពីឱកាសសិក្សាជំនាញ បច្ចេកទេសដល់ពលការិនីចំនួន ២៤នាក់ ដែលទើបត្រឡប់មក ពីប្រទេសអារ៉ាប៊ីសាអូឌីត។ ការផ្សព្វផ្សាយឱកាសសិក្សា ជំនាញបច្ចេកទេស ដល់ពលការិនីនេះ ក្នុងគោលបំណងឲ្យពលការិនី មានជំនាញមួយពិតប្រាដក មានការងារធ្វើ មានចំណូលសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីឱកាសសិក្សា ជំនាញបច្ចេកទេសដោយឥតគិតថ្លៃ រៀនរយៈពេល ៤ខែចប់ និងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល សម្រាប់យុវជន ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់ពលការិនីចំនួន ២៤នាក់ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ខណៈក្រុមពលការិនី និងក្រុមគ្រួសារ សាច់ញាតិ ពលការិនី សុទ្ធតែបានបង្ហាញ នូវការចាប់អារម្មណ៍ ក្នុងការសិក្សាជំនាញ បច្ចេកទេស ដែលមន្រ្តីក្រសួងបានណែនាំ។ «វាល្អ…ខ្ញុំអរ រំភើបប្រៀបមិនបានទេ»។ នេះជាការលើកឡើងរបស់ក្រុមគ្រួសារ សាច់ញាតិរបស់ពលការិនី។

សូមបញ្ជាក់ថា នៅចុងឆ្នាំ២០២៣ អគ្គនាយកដ្ឋាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបានសមិទ្ធផល គួរឱ្យកត់សម្គាល់ លើការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ផ្ដល់ឱកាសឲ្យគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញទាំង៣៨ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ៕






