ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានប្រកាសថា បន្ទាប់ពីការសម្រួលកង់ និងហ្វ្រាំងរថភ្លើងចំនួន១១គ្រឿងដែលទើបតែបញ្ជាទិញពីជប៉ុន នឹងដាក់ឲ្យសាកល្បងរត់លើផ្លូវដែករហូតប្រាកដថា មានសុវត្ថិភាពទើបដាក់ឲ្យដំណើរការជាផ្លូវការ។
ការលើកឡើងរបស់លោកបែបនេះ ក្រោយដឹករថភ្លើងទិញពីជប៉ុនមកដល់កម្ពុជាភ្លាមកាលពីពេលកន្លងមក មានការលើកឡើងពីពលរដ្ឋមួយចំនួនថា ជារថភ្លើងចាស់ធ្វើឲ្យពួកគាត់ព្រួយបារម្ភពីសុវត្ថិភាព ។
លោក ផន រឹម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៤ ឧសភាថា រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន១១គ្រឿងរបស់ជប៉ុននេះ ត្រូវបានក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញ ។ ការទិញរថភ្លើងប្រភេទ DMUនេះ ស្ថិតក្នុងផែនការវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។
លោកថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodi (RRC) បានចុះពិនិត្យរួមគ្នាលើការងារកែតម្រូវកង់រថភ្លើងដឹកអ្នកដំណើរពីទទឹងផ្លូវដែក១០៦៧មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកជប៉ុន) មកទទឹងផ្លូវដែក១០០០មីលីម៉ែត្រ(សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា) និងប្រព័ន្ធហ្រ្វាំងរថភ្លើង សម្រាប់ប្រើប្រាស់ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។
អ្នកនាំពាក្យបានឲ្យដឹងទៀតថា “ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន(RRC)ថា បន្ទាប់ពីកែតម្រូវរួច ត្រូវធ្វើការសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថា មានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរមុននឹងដាក់ឲ្យដំណើរការជាផ្លូវការ»។
សម្រាប់ល្បឿននៃការរត់វិញ លោក ផន រឹមថា បែងចែកជាពីរ ៖១- សម្រាប់អ្នកដំណើរ (ផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ) តម្រូវឲ្យរត់៨០km/h
និង២-សម្រាប់អ្នកដំណើរ(ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត) តម្រូវឲ្យរត់ចន្លោះពី ៣០-៥០km/h។
ចំពោះការដាក់ឲ្យដំណើរការជាផ្លូវការនាពេលណានោះ លោកថា ក្រុមហ៊ុន នឹងប្រកាសនាពេលបន្តបន្ទាប់៕



