ព័ត៌មានជាតិ

ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ផ្ញើសារអបអរសាទរ សម្តេចតេជោ ក្នុងឱកាសជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ៖ លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមគណបក្សកុម្មុយនីស្តចិន ផ្ញើសារអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដែលត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា អាណត្តិទី៥នេះ។

តាមរយៈសារលិខិតបកប្រែក្រៅផ្លូវការ លោក Liu Jianchao ចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតចំពោះ សម្តេចតេជោដែលត្រូវបានបោះឆ្នោតជ្រើស តាំងជា ប្រធានព្រឹទ្ធសភាកម្ពុជា។ ការជាប់ឆ្នោតរបស់សម្តេចបានផ្ដល់នូវការធានាខាង នយោបាយសំខាន់មួយសម្រាប់កម្ពុជា ឲ្យបន្តមានវឌ្ឍនភាពក្នុងទិសដៅត្រឹមត្រូវ។

ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍ដែលមានវាសនារួមតែមួយ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ និងការជំរុញលើកទឹកចិត្តផ្ទាល់ខ្លួន របស់ថ្នាក់ដឹកនាំកំពូលនៃគណបក្ស និងប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជា ស្ថិតក្នុងសម័យកាលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ សម្តេចប្រធានបានអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការនៅចិន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ និងបានសម្រេចនូវការព្រមព្រៀងគ្នា ជាឯកច្ឆន្ទយ៉ាងសំខាន់មួយ ជាមួយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ក្នុងការកសាងកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា សំដៅរួមគ្នាចាប់ផ្ដើម យុគសម័យថ្មីនៃកសាងសហគមន៍វាសនារួមចិន-កម្ពុជា។

លោក Liu Jianchao ថាមានកិត្តិយសធំធេងណាស់ ដែលបានដឹកនាំគណៈប្រតិភូ CPC បំពេញទស្សនកិច្ចនៅកម្ពុជាចំនួនពីរលើក ក្នុងខែសីហា ឆ្នាំ២០២២ និងក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយបានផ្លាស់ប្តូរគំនិតយ៉ាងស៊ីជម្រៅ និងមានលក្ខណៈជាមិត្តភាពជាមួយ សម្តេចប្រធាន ព្រមទាំងបានស្តាប់នូវទស្សនៈសំខាន់ៗរបស់ សម្តេចប្រធាន អំពីការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា។

ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើការជាមួយគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP) សំដៅអនុវត្តការព្រមព្រៀងគ្នា ជាឯកច្ឆន្ទដ៏សំខាន់ សម្រេចដោយ លោក ស៊ី ជីនពីង ជាមួយសម្តេចប្រធាន និង សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើឲ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ ក្នុងគោលដៅលើកកម្ពស់វឌ្ឍនភាពឋិតថេរនៃភាពជា ដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ចិន-កម្ពុជា និងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី៕

To Top