ព័ត៌មានជាតិ

​​រដ្ឋមន្ដ្រីសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត បន្ដពង្រឹងសន្ដិសុខ ជូនបុគ្គលិកសុខាភិបាល អ្នកជំងឺ និងគ្រួសារទទួលសេវា

ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើអភិបាលរាជធានី ខេត្ត បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រីបុគ្គលិក សុខាភិបាលដែលបំពេញការងារ ក៏ដូចជា អ្នកជំងឺ និងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ឧសភា លោករដ្ឋមន្ដ្រី ឈាង រ៉ា បានឲ្យដឹងថា ក្រសួងសុខាភិបាលបាននិងកំពុង ជំរុញការផ្តល់សេវាសុខាភិបាល២៤ម៉ោង ក្នុងមួយថ្ងៃ ក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលជាគ្រឹះនៃការឈានឆ្ពោះទៅការគ្របដណ្តប់សុខ ភាពជាសកលនាពេលអនាគត ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ដើម្បីអនុវត្តឲ្យកាន់តែមាន ប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្រសួងសុខាភិបាល សូមឯកឧត្តម លោកជំទាវ មេត្តាបន្តណែនាំបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ច តាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ឲ្យចល័តចុះឃ្លាំមើលជាប់ ជាប្រចាំតាមគ្រប់មធ្យោបាយ ជំនាញនៅកន្លែងសំខាន់ៗ ជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេស មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែល ស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឲ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជាពលរដ្ឋ កាន់តែមានភាពកក់ក្តៅ ទាំងនៅពេលថ្ងៃ និងពេលយប់ ប្រកបដោយសេចក្តីសុខសុវត្ថិភាព»៕

To Top