ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាបានលើក ឡើងថា រដ្ឋសភាបើកទ្វារជានិច្ច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប លើការងារផ្សេងៗដែលអឺរ៉ុបមាននៅកម្ពុជា។
ក្រោយជំនួបរវាងសម្តេចឃួន សុដារី និងលោក ទ្រីសម៉ាន់ អ៉ីហ្គោរ៍ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៥ ឧសភា លោក កែវ ពិសិដ្ឋ នាយករដ្ឋកាល័យ និងជាអ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹងថា «រដ្ឋសភាកម្ពុជានៅតែបើកទ្វារ ទទួលជានិច្ចក្នុងការពិភាក្សា និងជជែកពីកិច្ចសហប្រតិបត្តិការផ្សេងៗ ជាមួយអឺរ៉ុបនៅកម្ពុជា»។

អ្នកនាំពាក្យបានលើកឡើងថា រដ្ឋសភាកម្ពុជា បានធ្វើការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយនៅពេលថ្មីៗនេះ រដ្ឋសភាបានធ្វើការសហការ ជាមួយរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ហើយបានទទួលលិខិតថ្លែងអំណរគុណ ពីប្រជាពលរដ្ឋដែលបានទទួលដី ដែលជាកម្មសិទ្ធិរបស់ខ្លួន ដែលមានបញ្ហាជារ៉ាំរ៉ៃជាច្រើនទស្សវត្សមក។

លោក កែវ ពិសិដ្ឋ បានឲ្យដឹងក្នុងជំនួប សម្តេចប្រធានរដ្ឋសភានៅតែធ្វើការ ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋ។ ជាង នេះនៅតែគិតគូរយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋជាប្រចាំទាំងសុខុមាលភាព ជីវភាពនិង ភាពសុខដុមរនារបស់ជាប្រជាពលរដ្ឋ។

ចំណែកលោក ទ្រីសម៉ាន់ អ៉ីហ្គោរ៍ ក៏បានបញ្ជាក់អំពីទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងសហភាពអ៊ឺរ៉ុប ដែលបានចាប់ផ្តើមច្រើនទស្សវត្សមកហើយ ។ ដំបូងឡើយសភាអ៊ឺរ៉ុបបាន ជួយកម្ពុជាក្នុងការស្តារសន្តិភាព និងធ្វើការលើវិស័យអភិបាលល្អ កសិកម្ម អប់រំ វិស័យសុខាភិបាល៕
