ភ្នំពេញ៖លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែឧសភា ២០២៤ នេះបានឱ្យដឹងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមរៀបចំធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ដំណាក់កាលដំបូង ចាប់ពី ថ្ងៃទី១៥ ខែឧសភា រហូតដល់បំណាច់ខែនេះ។
បើតាមលោកអគ្គនាយកសម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ មានវិទ្យាស្ថានចំនួន៤បានរៀបចំធ្វើតេស្តវាយតម្លៃសមត្ថភាពរបស់សិស្សបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេល៤ខែដោយជោគជ័យរួចមក ក្នុងនោះមានវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) វិទ្យាស្ថានបច្ចេកទេស ហ្ស៊ីវ៉េសេ(JVC) និងវិទ្យាស្ថានបច្ចេកទេសអភិវឌ្ឍន៍មុខជំនាញកម្ពុជាថៃ និងនៅខេត្តចំនួន១០មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) បានរៀបចំធ្វើតេស្តវាយតម្លៃសមត្ថភាពរបស់សិស្សផងដែរ។ ដោយឡែក ចាប់ពីថ្ងៃទី២០-២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្ត មានគ្រឹះស្ថាន អ.ប.វ. ចំនួន២១ នឹងបន្តធ្វើតេស្តវាយតម្លៃសមត្ថភាពរបស់សិស្សក្នុងដំណាក់កាលដំបូងនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ កាលពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមមកពីគ្រប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធសរុបប្រមាណ២ពាន់នាក់។ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ មានអ្នកចុះឈ្មោះចូលរៀនចំនួន ៣៧ ៤៩៣នាក់ (ស្រី ១២ ៨៧១នាក់ ) ក្នុងនោះមានសិស្សកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) សរុបចំនួន ១៧ ៧៧០នាក់ (ស្រី ៥ ៨១៩នាក់ ) ស្មើនឹងចំនួន ៨០៥ ថ្នាក់ បន្ទាប់ពីបានបើកវគ្គសិក្សាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយសិក្សាលើវិស័យសំណង់, អគ្គិសនី និង ថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារ ត្រជាក់ និងកម្តៅ, ទេសចរណ៍, ព្រមទាំងកសិកម្មនិងកសិ-ឧស្សាហកម្ម ហើយសិស្សធ្វើតេស្តវាយតម្លៃបញ្ចប់វគ្គចំនួន ៣ ៩០៩ នាក់ (ស្រី៨៨៤នាក់)។
លោកបានអំពាវនាវ ដល់យុវជនឱ្យមកចុះឈ្មោះ ចូលរៀនឱ្យបានច្រើនបន្ថែមទៀតព្រោះថា ការចុះឈ្មោះ រៀន គឺ មិនមានការបង់ប្រាក់ទេ។ ចំណែកអ្នកមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀលក្នុង១ខែ ដើម្បីជួយសម្រួលក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយក្រោយពេលរៀនចប់មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យដើម្បីចិញ្ចឹមខ្លួនឯង និងផ្គត់ផ្គង់ក្រុមគ្រួសារបានកាន់តែប្រសើរជាងមុនបន្ថែមទៀត។ សូមផ្តាំផ្ញើដល់សិស្សដែលបានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលនេះ យកជំនាញ ចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ទៅប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលខ្លួនធ្វើការ ជាពិសេសខិតខំប្រើជំនាញទាំងនេះ ជាទុន ដើម្បីជួយខ្លួនឯង គ្រួសារ និងក្លាយទៅជាធនធានមនុស្សដ៍ល្អសម្រាប់អភិវឌ្ឍសង្គមជាតិយើង។ ទន្ទឹមនឹងនេះ លោកសូមអំពាវនាវដល់យុវជន មាតាបិតា និងអាណាព្យាបាលយុវជននៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឱ្យមកចុះឈ្មោះចូលរៀន មករៀនឱ្យបានទៀងទាត់ និងឱ្យចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានចំណេះដឹង ជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជៀសផុតពីភាពក្រីក្រ៕










