ភ្នំពេញ ៖ ក្រសួងធនធាន និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦-១៨ ឧសភា តំបន់មួយចំនួននឹងបន្តមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដី ពី១៥ទៅ២៥%។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួងធបានឲ្យដឹងទៀតថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើតំបន់វាលទំនាប ចាប់ពីថ្ងៃ១៦-១៨ ឧសភា សីតុណ្ហភាពអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៥អង្សាសេ ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដី២០%។
តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៦អង្សាសេ ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន កំពង់ស្ពឺ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។
សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៥អង្សាសេ ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។ រលកសមុទ្រ មានកម្ពស់មធ្យម អប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕